ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងបន្ដពិភាក្សាជាមួយ YouTube ដើម្បីដោះស្រាយបញ្ហា ការផ្អាកមិនឲ្យមានការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូជាង៩០ ប្រទេសក្នុងនោះមានកម្ពុជាផងដែរដែលមិនអាចរកចំណូលទៀតបាន ។ នេះបើយោង តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ។
ប្រភពខាងលើនេះបានឲ្យដឹងបន្តថា បន្ទាប់ពីបានទាក់ទងតំណាង YouTube ដើម្បីធ្វើការបំភ្លឺ និងជំរុញឲ្យមានដំណោះស្រាយឆាប់រហ័ស ពាក់ព័ន្ធបញ្ហាខាងលើ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជម្រាបជូនដល់សាធារណជនដូចខាងក្រោម ៖
ទី១- YouTube បានផ្អាកការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូ នៅប្រទេសជាង ៩០ រួមទាំងកម្ពុជា ដោយហេតុថាក្រុមហ៊ុន កំពុងតែសម្រួលគោលការណ៍ ផ្សាយពាណិជ្ជកម្ម ដើម្បីធ្វើឲ្យមាតិកាវីដេអូកាន់តែល្អប្រសើរ និងតម្រូវឲ្យអ្នកផលិតមាតិកាវីដេអូបំពេញតាមលក្ខខណ្ឌ «កម្មវិធីភាពជាដៃគូ» (YouTube Partner Program) នៅក្នុងប្រទេសដែលជាដៃគូ ទើបអាចរកចំណូលពីការផ្សាយពាណិជ្ជកម្មបាន។
ទី២- ក្នុងចំណោមប្រទេសទាំងជាង៩០ខាងលើ ការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូ YouTube នឹងត្រូវផ្តល់ជូនជាបន្តបន្ទាប់ តាមរយៈការទទួលបាន «កម្មវិធីភាពជាដៃគូ»។ តាមការពិនិត្យជាបឋមរបស់អ្នកតំណាង YouTube ទីផ្សារកម្ពុជាមានលក្ខណសម្បត្តិល្អៗជាច្រើន ក្នុងការទទួលបាន «កម្មវិធីភាពជាដៃគូ» ពី YouTube ដែលការសម្រេចនេះ ត្រូវការពេលវេលាក្នុងការរៀបចំ និងចូលរួមសហការពីអ្នកផលិតមាតិកា ស្របតាមគោលការណ៍និងលក្ខខណ្ឌកំណត់ដោយ YouTube ។
ទី៣- ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមលើកទឹកចិត្តឲ្យមានការផលិតមាតិកាល្អៗ ដោយគោរពតាមគោលការណ៍កម្មសិទ្ធិបញ្ញា ប្រកបដោយគុណភាព គំនិតច្នៃប្រឌិត និងវិជ្ជាជីវៈ ដើម្បីផ្តល់អត្ថប្រយោជន៍ និងពុទ្ធិដល់សាធារណជន។ ទន្ទឹមនឹងនេះ ក្រសួងនឹងបន្តពិភាក្សាជាមួយ YouTube ក្នុងការដោះស្រាយកិច្ចការនេះ ឲ្យបានឆាប់រហ័ស ៕