នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance បានដឹកជញ្ជូនសត្វស្លាប៣ប្រភេទផ្សេងទៀត សរុបចំនួន១១ក្បាល មកកាន់ព្រៃរមណីយដ្ឋានអង្គរ។ សត្វស្លាបទាំងនោះរួមមាន សត្វក្ងោក(Peafowl) ចំនួន៥ក្បាល សត្វកេងកងធំ(Great Hornbill) ចំនួន៣ក្បាល និងសត្វព្វាំង(Wreathed Hornbill) ចំនួន៣ក្បាល ដែលទទួលបានជាអំណោយពីអង្គការអភិរក្សសត្វព្រៃនានា និងប្រជាពលរដ្ឋ យកមកផ្សាំនៅក្នុងព្រៃរមណីយដ្ឋានអង្គរ ដែលក្រុមការងារគម្រោងនឹងធ្វើការដោះលែងសត្វស្លាបទាំងនេះចេញពីទ្រុងចូលទៅក្នុងព្រៃនាពេលខាងមុខ។
កន្លងមកគម្រោងទទួលបានជោគជ័យក្នុងការដោះលែងសត្វព្រៃជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ មានដូចជា សត្វទោចមកុដ(Pileated gibbon) ចំនួន១១ក្បាល(កើតកូនបានចំនួន៤ក្បាល) សត្វឈ្លូស(Red muntjac) ចំនួន៤ក្បាល សត្វស្វាព្រាម(Silvered langurs) ចំនួន១២ក្បាល សត្វសំពោចក្រអូប(Common palm civets) ចំនួន៥ក្បាល សត្វភេខ្លួនរលោង(Smooth-coated otter) ចំនួន៤ក្បាល(កើតកូនបានចំនួន២ក្បាល) សត្វឆ្មារដាវ(Leopard Cat) ចំនួន២ក្បាល និងសត្វកេងកងតូច(Oriental Pied Hornbill) ចំនួន២ក្បាល និងសត្វផ្សេងៗមួយចំនួនទៀត។ មកដល់សព្វថ្ងៃសត្វទាំងអស់នេះនៅតែមានវត្តមាននៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់តាមដាន និងថែទាំជាប្រចាំពីក្រុមការងារ។
ដើម្បីឲ្យសត្វព្រៃទាំងអស់បន្តវត្តមាននៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរយើង និងបង្កើនចំនួនបន្ថែមទៀត អាជ្ញាធរជាតិអប្សរា និងគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ សូមអំពាវនាវជូនសាធារណជន ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ចូលរួមថែរក្សាសត្វព្រៃទាំងនោះទាំងអស់គ្នា ជៀសវាងពេលប្រទះឃើញមានបំណងមិនល្អ និងមេត្តាកុំផ្តល់ចំណីឲ្យសត្វទាំងនោះ៕
អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន