ភ្នំពេញ៖ កូនប្រសារឧកញ៉ា ហេង សៀ ដែលបានជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាសដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយស យ៉ាងធ្ងន់ធ្ងរបំផុតលើកញ្ញា មាន ពេជ្ររីតា ពេលនេះត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនហើយ ។ នេះបើយោង តាមប្រសាសន៍របស់នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ដែលបានដកស្រង់ផ្សាយដោយសារព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ។
ប្រភពខាងលើដដែលនេះបានឲ្យដឹងបន្តថា កូនប្រសាររបស់ឧកញ៉ា ហេង សៀ ដែលត្រូវឃាត់ខ្លួនមានឈ្មោះ ឃន ឈុនដារ៉ា ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់កាហ្វេល្បីមួយឈ្មោះ The KOI និង Tube Café ។ មិនតែប៉ុណ្ណោះអ្នកផ្សេងទៀតដែលពាក់ព័ន្ធនឹងករណីខាងលើនេះ កម្លាំងសមត្ថកិច្ចបាននឹងកំពុងបន្តតាមចាប់ ដែលចូលរួមប្រឌិតលើករណីនេះ ។
បើតាមមន្ត្រីនគរបាលជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបរាប់បញ្ជាក់ថា កូនប្រសាររបស់ឧកញ៉ា ហេង សៀ រូបនេះ បានទៅជួលមនុស្សប្រុស-ស្រីមួយគូមកថតរូបឈុតឆាកអាសអាភាស ហើយយកមកចែកចាយតាមបណ្តាញសង្គម ដើម្បីជាការបំភាន់សាធារណៈមតិឱ្យយល់ច្រឡំថា ជារូបភាពរបស់កញ្ញា មាស ពេជ្ររីតា ។
សូមជម្រាបថា មួយរយៈចុងក្រោយនេះមហាជន ហាក់ចាប់អារម្មណ៍ខ្លាំងលើករណី ទំនាស់រវាងឧកញ៉ា ហេង សៀ និងពិធីការិនីកញ្ញាមាន ពេជ្ររីតា ដែលធ្វើឲ្យកក្រើក ពេញបណ្តាញសង្គមហ្វេសប៊ុក ដោយក្នុងនោះកន្លងមកគេសង្កេតឃើញមានតារា មួយ ចំនួនក៏បាន ចេញមុខប្រតិកម្មចំពោះរឿងនេះផងដែរ ៕