អរិយធម៌អេហ្ស៉ីបបុរាណដែលកន្លងទៅរាប់រយឆ្នាំមកហើយ ត្រូវបានគេទទួលស្គាល់ថាធ្លាប់មានភាពរុងរឿង ដោយពួកគេបានរកឃើញវិធីសាស្ត្ររក្សាសាកសពដ៏អស្ចារ្យ ដែលយើងគ្រប់គ្នាបានស្គាល់ថា «សាកសពម៉ាំមី» ដូចពេលបច្ចុប្បន្ន។ ដល់ចំណុចនេះ មហាជនប្រាដកជាចង់ដឹងអំពីប្រជាជនអេហ្ស៉ីបបុរាណប្រើបច្ចេកទេសដើម្បីរក្សាទុកសាកសពបានរហូតដល់រាប់ពាន់ឆ្នាំបាន ។
ក្នុងជំនឿរបស់ប្រជាជនអេហ្ស៊ីបបុរាណមានជំនឿយ៉ាងមុតមាំថា ជីវិតក្រោយពេលស្លាប់ទៅ នឹងទៅកាន់ឋានមួយដ៏សប្បាយរីករាយបំផុត។ នៅទីនោះ ពួកគេសុទ្ធតែនៅក្មេងមិនចាស់នោះទេ ហើយក៏មានសុខភាពល្អផងដែរ។ នៅក្នុងជំនឿដែលទាក់ទងនឹងជីវិតបន្ទាប់ពីស្លាប់នោះ គឺវាមានដើមហេតុមកពីគំនិតមួយដែលគេឱ្យឈ្មោះថា «កា Ka» ដែលមានន័យថា កម្លាំងអរូបីនៃជីវិតរបស់មនុស្ស។ នៅពេលដែលមនុស្សស្លាប់ទៅ «កា» ដែលជាកម្លាំងអរូបីនោះ នឹងចេញចាករាងកាយដែលស្លាប់នោះ ហើយក្លាយទៅជាដួងព្រលឹងវិញ្ញាណមួយ។ វិញ្ញាណនោះ ក៏នៅតែមានទំនាក់ទំនងជាមួយសាកសពដែលនៅក្នុងផ្ទះនោះ។ ម្យ៉ាងទៀត ដួងព្រលឹងវិញ្ញាណនោះ ក៏មានតម្រូវការគ្រប់បែបយ៉ាង ដូចកាលពីពេលដែលនោះរស់ដែរ គឺត្រូវការបរិភោគអាហារ ត្រូវការដំណេក និងការកម្សាន្ត។ ដើម្បីបំពេញតម្រូវការទៅដល់ព្រលឹងនោះ មនុស្សដែលនៅរស់ត្រូវបំពេញផ្លូរជាមួយនឹងវត្ថុផ្សេងៗ សម្រាប់ទុកប្រើប្រាស់ក្នុងជីវិតបន្ទាប់ពីស្លាប់។ វត្ថុទាំងនោះមានដូចជាគ្រឿងសង្ហារឹម សម្លៀកបំពាក់ ឧបករណ៍ប្រើប្រាស់ គ្រឿងអលង្ការ និងអាវុធជាដើម។ សម្រាប់បាយទឹកវិញ គឺរឹតតែមិនអាចខ្វះបាន។
ការធ្វើបែបនេះ គឺដើម្បីកុំឱ្យព្រលឹងវិញ្ញាណនោះមានសេចក្តីស្រេកឃ្លាន។ ការបញ្ចុះសាកសពសម្រាប់ការបញ្ចុះសាកសពរបស់ប្រជាជនអេហ្ស៉ីប ក៏មានបែបបទ និងរបៀបរបបត្រឹមត្រូវផងដែរ គឺមិនមែនចេះតែធ្វើឱ្យតែបានៗនោះទេ។ ប្រជាជនអេហ្ស៉ីបមានជំនឿថា ពួកគេត្រូវតែរៀបចំសាកសពឱ្យបានស្អាតជាមុនសិន មុននឹងយកទៅបញ្ចុះក្នុងផ្លូវ។ ត្រង់ចំណុចនេះ មានន័យថា គឺធ្វើយ៉ាងណាត្រូវថែរក្សាសាកសពនោះកុំឱ្យរលួយ បើមិនដូច្នេះទេ ព្រលឹងវិញ្ញាណនោះនឹងមិនអាចទាក់ទងជាមួយរាងកាយសាកសពបានទេ ពីព្រោះវាបានរលួយអស់ហើយនោះ ហើយវានឹងបង្កជាការកាត់ផ្តាច់ទំនាក់ទំនងរវាងព្រលឹង និងរាងកាយសាកសព នៅទីបំផុតព្រលឹងនឹងមិនអាចទទួលបានអ្វី សម្រាប់ប្រើប្រាស់ក្នុងជីវិតបន្ទាប់ពីស្លាប់នោះទេ។ ពួកគេនឹងមានការខ្វះខាត ព្រមទាំងមានសេចក្តីស្រេកឃ្លានផងដែរ។
ដើម្បីការពារព្រលឹងកុំឱ្យមានទុក្ខលំបាក់ផ្សេងៗ ប្រជាជនអេហ្ស៉ីបបានអភិវឌ្ឍលើបច្ចេកទេសមួយ គឺការថែរក្សាសាកសពកុំឱ្យរលួយ (Embalming)។ ការរក្សាសាកសពនោះ គឺដូចអ្វីដែលយើងតែងតែហៅថា សាកសពមាំមី (Mummies) នោះឯង ដែលមានន័យថា ការទុកដាក់រុំសាកសពនឹងកំណាត់សំពត់យ៉ាងល្អបំផុត។ ការធ្វើបែបនេះ គឺវាអាចថែរក្សាសាកសពបានយូរឆ្នាំខ្លាំងណាស់ ហើយបើមិនធ្វើដូច្នេះទេ សាកសពនឹងរលួយភ្លាមៗនៅក្នុងផ្នូរជាក់ជាមិនខានឡើយ។ បច្ចេកទេសរុំសាកសពនេះវាមានភាពស្មុគស្មាញណាស់ អស់ថវិកាសម្រាប់ចំណាយក៏ច្រើនទៀត ហើយថែមទាំងប្រើពេលវេលារហូតទៅដល់ប៉ុន្មានសប្តាហ៍ផងដែរ។ ពាក្យថា មាំមី គឺមានប្រភពដើមមកពីអារ៉ាប់ និងមានន័យថាជាទីកន្លែងសម្រាប់រក្សាទុករាងកាយ។ គ្រប់សរីរាង្គកាយផ្នែកខាងក្នុងទាំងអស់ ត្រូវបានគេយកចេញ លើកលែងតែបេះដូងមួយគត់។ សរីរាង្គកាយផ្នែកខាងក្នុងទាំងអស់នោះ គេយកទៅដាក់ក្នុងក្រឡបួនខុសៗគ្នា ព្រមទាំងមានការរចនាទៅលើ គម្របក្រឡនោះថែមទៀតផង ដែលមានរូបរាងជាក្បាលនៃអាទិទេពផ្សេងៗ។ រីឯបេះដូងវិញគេរក្សាទុក ព្រោះគេមានជំនឿថា បេះដូងគឺជាអ្នកគ្រប់គ្រងទៅលើការគិត និងសកម្មភាពផ្សេងៗ។ គំនិត និងសម្មភាពផ្សេងៗនេះហើយ ដែលគេត្រូវការនៅក្នុងជីវិតក្រោយពេលស្លាប់នោះ។ ក្រោយមក រាងកាយត្រូវគេលាងសម្អាតជាមួយនឹងគ្រឿងទេសផ្សេងៗ និងស្រាដូងប្រេងម្យ៉ាង រួចគេយកទៅប្រឡាក់នឹងអំបិល ដើម្បីសម្លាប់មេរោគ រួចហើយគេទុកសាកសពនោះឱ្យស្ងួត និងបន្ទាប់មកទៀតគេរុំសាកសពនោះ ដោយក្រណាត់សំពត់លីនិន (Linen) រួមផ្សំជាមួយគ្រឿងទេសផ្សេងៗទៀត ដើម្បីថែរក្សាទុកនូវទម្រង់រូបរាងកាយសាកសពនោះ ហើយគេបន្ថែមបច្ចេកទេសលាបជ័រកាវបុរាណម្យ៉ាង ដើម្បីការពារជម្រាបទឹក។ ជាចុងក្រោយ សាកសពមាំមី ត្រូវបានគេរុំទៅនឹងក្រណាត់សំពត់លីនិន ដែលកាត់ជាលក្ខណៈស្បៃរុំរបួស ហើយគេយកទៅទុកក្នុងមឈូស។
ការថែរក្សាសាកសពកុំឱ្យរលួយនោះ គឺគេយកសាកសពទៅដាក់ក្នុងមឈូស ដើម្បីការពារសាកសព ក៏ដូចជាថែរក្សាដួងព្រលឹងវិញ្ញាណរបស់អ្នកស្លាប់។ មុនដំបូងមានតែព្រះមហាក្សត្រ (ផារ៉ាអុង) ប៉ុណ្ណោះទេ ដែលមានសិទ្ធិអាចថែរក្សាសាកសពតាមបែបមាំមីបាន ក៏ប៉ុន្តែនៅប្រមាណឆ្នាំ ២៣០០ មុនគ្រិស្ដសករាជ ឯកសិទ្ធិនៃការថែរក្សាសាកសពនេះ បានពង្រីកវិសាលភាពទៅដល់មនុស្សណាម្នាក់ក៏បាន ឱ្យតែពួកគេមានលទ្ធភាព ពីព្រោះការរក្សាសពតាមបែបមាំមីនេះមានតម្លៃថ្លៃខ្លាំងណាស់។ ចំពោះគ្រួសារកសិករ ពួកគេមិនអាចធ្វើបែបនោះបានទេ ហើយជាទូទៅពួកគេយកសាកសពទៅកប់នៅក្នុងផ្នូររាក់ៗ ដែលស្ថិតនៅក្នុងតំបន់នៃវាលខ្សាច់។ កម្តៅនៃវាលខ្សាច់ដ៏សែនក្ដៅនោះ វាបានដុតកម្តៅបែបធម្មជាតិឱ្យសាកសពីនោះស្ងួតបានយ៉ាងល្អមួយបែបដែរ ដោយមិនចាំបាច់ចំណាយទ្រព្យសម្បត្តិច្រើនដូចផារ៉ាអុង និងពួកអភិជន។ ស្របពេលជាមួយគ្នានោះដែរ នៅអេហ្ស៊ីបក៏មានការបញ្ចុះសពមួយបែបទៀត គឺការបញ្ចុះសពដាក់ក្នុងមឈូសពីរជាន់ (Double Coffins)។ មឈូសខាងក្នុងមានរូបរាងជាការវិចខ្ចប់ ដោយប្រើវិធីសាស្ត្រមាំមី និងមានរូបរាងផ្សេងៗ រីឯមឈូសខាងក្រៅវិញ មានរាងបួនជ្រុងទ្រវែងធម្មតា៕