កោះកុង៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយរដ្ឋបាលខេត្តកោះកុង បានបើកការដ្ឋានសាងសង់កំពង់ផែទំនិញរាយ និងទេសចរណ៍ដងទង់ ដែលគ្រោងចំណាយថវិកាប្រមាណ១.៥លានដុល្លារ និងគ្រោងបញ្ចប់នៅឆ្នាំ២០២២ នៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ដែលមានការចូលរួមពីឯកឧត្តម ម៉ក់ ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង។
ក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង បានឱ្យដឹងថា គម្រោងសាងសង់ កំពង់ផែថ្មីនេះជាប្រភេទបេតុងមានប្រវែង៦៩ម៉ែត្រ និងទទឹង១៦.៥ម៉ែត្រ។ ស្ពានបេតុងភ្ជាប់ទៅផែប្រវែង២៨ម៉ែត្រ ទទឹង៨ម៉ែត្រ ចំនួន២កន្លែង។ លោកបន្ថែមថា សម្រាប់ផ្លូវបេតុងចេញចូលផែប្រវែង១៦២២.៨ម៉ែត្រការ៉េ កម្រាស់០.២៣ម៉ែត្រ រីឯផ្លូវដើរទំហំ១០០.៨ម៉ែត្រការ៉េ កម្រាស់០.២ម៉ែត្រ៕