ព្រះសីហនុ៖ រថយន្តចំនួន ២គ្រឿង និងមនុស្សចំនួន ៤នាក់ សង្ស័យពាក់ព័ន្ធករណីលួចដឹកកូនគ្រែងឈាម ដោយគ្មានលិខិតអនុញ្ញាតត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់បើកប្រតិបត្តិការស្ទាក់ចាប់បាន ស្ថិតនៅភូមិត្រពាំងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញ បានរកឃើញវត្ថុតាង កូនគ្រែងឈាម ចំនួន ១,៩០០គីឡូក្រាម (ក្នុង០១គីឡូក្រាម មានប្រមាណជា ៥០.០០០គ្រាប់)។ បន្ទាប់មកត្រូវបានក្រុមមន្ត្រីខណ្ឌរដ្ឋបាលជលផល ដឹកយកទៅប្រលែងនៅក្នុងតំបន់សហគមន៍ព្រៃនប់ទី២ ស្ថិតក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បច្ចុប្បន្នមន្រ្តីជំនាញនៃរដ្ឋបាលជលផល បានឱ្យអ្នកដឹកជញ្ជូនទាំង៤នាក់ ធ្វើកិច្ចសន្យា និងរក្សាទុករថយន្តដើម្បីឱ្យម្ចាស់គ្រែងឈាម ចូលខ្លួនដោះស្រាយ ។
សូមជម្រាបថា ការបង្រាបករណីខាងលើនេះ ដឹកនាំដោយ លោក អនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការស្តីទីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកព្រៃនប់ ដោយសហការជាមួយមន្រ្តីខណ្ឌរដ្ឋបាលជលផលកំពង់សោម ដឹកនាំដោយ លោក ឯម ភា នាយរងខណ្ឌរដ្ឋបាលជលផល ទទួលបន្ទុកក្តាប់រួម ៕