កំពង់ស្ពឺ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបណ្តាលឲ្យ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុដោយសារថយន្តបុកម៉ូតូនៅតាមបណ្តោយផ្លូវជាតិលេខ១៣០ ត្រង់ចំណុចភូមិវាល ឃុំរលាំងចក ស្រុកសំរោង ទង ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ។
បើតាមមន្ត្រីនគរបាលស្រុកសំរោងទងបានឲ្យដឹងថាមុនគ្រោះថ្នាក់មានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1S9522 បើកបរដោយជនរងគ្រោះមានឈ្មោះ ចៅ គង់ភារុណ ភេទប្រុសអាយុ២៣ឆ្នាំ រស់នៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បើកបរពីលិចទៅកើត ។ លុះមកដល់ចំណុចកើតហេតុខាងលើត្រូវរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក និងអត្តសញ្ញាណអ្នកបើកបរ ពីលិចទៅកើតបុកពេញទំហឹងបណ្តាលឲ្យជនរងគ្រោះប៉ើងធ្លាក់ពីលើផ្លូវស្លាប់ភ្លាមៗនៅនឹងកន្លែង។
មន្ត្រីនគរបាលស្រុកសំរោងទងបានបញ្ជាក់ថា ក្រោយកើតហេតុអ្នកបើបររថយន្តបើកគេចខ្លួនបាត់ស្រមោលសពជនរងគ្រោះបានប្រគលឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលាំងចក ឯរថយន្តកំពុងស្រាវជ្រាវ កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕