ភ្នំពេញ៖ ការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារអាមេរិក នៅតែបង្ហាញសញ្ញាវិជ្ជមាន ដោយត្រីមាសទី១ឆ្នាំនេះ កម្ពុជាបាននាំចេញសម្រេចបានទំហំទឹកប្រាក់សរុបប្រមាណជិត ១៥០០ លានដុល្លារអាមេរិក កើនឡើងប្រមាណជិត២០ភាគរយ ឈរក្នុងលំដាប់ទី១ នៃការនាំចេញផលិតផលពីកម្ពុជា។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញឲ្យដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ ការនាំចេញផលិតពីកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានតម្លៃគិតជាទឹកប្រាក់ជាង១៤៩៦លានដុល្លារអាមេរិក កើនឡើងក្នុងរង្វង់ជិត២០ភាគរយបើធៀបនឹងឆ្នាំមុន ហើយស្មើនឹងប្រមាណជា៤០ភាគរយ នៃការនាំចេញផលិតផលសរុបទៅកាន់ទីផ្សារសំខាន់ៗដូចជា៖ ទីផ្សារសហគមន៍អឺរ៉ុប, អាស៊ាន, អង់គ្លេស ជប៉ុន និងការនាំចេញទៅកាន់ទីផ្សារផ្សេងៗទៀត។
លោកសៀង ថៃ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា មុខទំនិញសំខាន់ៗដែលមានកំណើនមធ្យម ដោយមានទំហំទឹកប្រាក់ធំ នាំចេញទៅកាន់ទីផ្សារអាមេរិក នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២១ មានដូចជា៖ សម្លៀកបំពាក់ ស្បែកជើង សំភារៈធ្វើដំណើរ កាបូបគ្រប់ប្រភេទជាដើម។
ក្រៅពីការនាំចេញមុខទំនិញខាងលើ កម្ពុជាក៏បាននាំចេញលើមុខទំនិញមួយចំនួនទៀត ដែលទំហំទឹកប្រាក់មិនសូវធំ តែមានការកើនឡើងខ្ពស់ដូចជា ការនាំចេញទោចក្រយាន សង្ហារឹម អំពូលអគ្គិសនី ខ្សែចម្លងអគ្គិសនី និងក្ដារកុងប្ល៉ាកេជាដើម។
លោកបានបញ្ជាក់ថា ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក ដែលមានកំណើនល្អ គឺបានកើតចេញពីការខិតខំបន្តអនុវត្តលើគោលការផ្សេងៗ នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា និងការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីជាដើម រួមជាមួយជឿទុកចិត្តពីអ្នកបញ្ជាទិញ ព្រោះកម្ពុជាបានបង្ហាញ ពីការកម្ពុជាអាចផ្គត់ផ្គង់ទំនិញបានទាន់ពេល និងគ្រប់ចំនួនតាមការបញ្ជាទិញ ហើយជាពិសេសក្នុងពេលកន្លងមកនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានអំពាវនាវឲ្យក្រុមហ៊ុនបញ្ជាទិញ សូមកុំបញ្ឈប់ការបញ្ជាទិញ និងសូមបន្តការបញ្ជាទិញទំនិញពីកម្ពុជា៕