ពោធិ៍សាត់ ៖ បុរសពីរនាក់បានទាស់សំដីក្នុងវង់ផឹកស៊ីជាមួយគ្នា ហើយបុរសម្នាក់ ( ជនរងគ្រោះ ) បានទៅយកពូថៅមកកាប់គូទំនាស់របស់ខ្លួនឱ្យរបួសដៃធ្វើឱ្យគូទំនាស់( ជនសង្ស័យ ) យកកាំបិតខ្វែវកាប់តបវិញបណ្ដាលរងរបួសជាច្រើនកន្លែងរហូតដល់ស្លាប់តែម្ដង ។
ហេតុការណ៍នេះបានកើតឡើងយប់ថ្ងៃទី ១0 ខែឧសភា ឆ្នាំ២០២១ នៅចំណុចព្រៃអណ្តូងភូមិ បាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ បន្ទាប់មកនៅវេលា ម៉ោង២រសៀលថ្ងៃទី ១១ ខែឧសភា នេះជនសង្ស័យបានត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបាន ពាក់ព័ន្ធករណីហិង្សាមានស្ថានទម្ងន់ទោស( កាប់បណ្តាលអោយស្លាប់ ) និងបានកំពុង កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទទោសតាមច្បាប់ ។
លោកឧត្តមសេនីយ៍ត្រីម៉ូ លីដា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មណ្ឌខេត្តពោធិ៍សាត់ បានឱ្យដឹងថា បុរសរងគ្រោះដល់ស្លាប់នោះឈ្មោះ ហុន ទឿន អាយុ៣១ ឆ្នាំ មុខរបរកសិកររស់នៅភូមិឃុំកើតហេតុ ខាងលើបានស្លាប់តាមផ្លូវនៅពេល ក្រុមគ្រួសារ បានដឹកមកមន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់ ។ ចំណែកជនសង្ស័យឈ្មោះ អិត រ័ត្ន អាយុ ៣២ឆ្នាំមានលំនៅក្នុងភូមិឃុំកើតហេតុនោះ។
ប្រភពបានបញ្ជាក់ថា ចំណែកជនសង្ស័យឈ្មោះ អិត រ័ត្ន បានប្រព្រឹត្តអំពើហិង្សាដោយ កាប់គូទំនាស់សំដីរួចហើយក៏បានរត់គេចខ្លួនបាត់ មកដល់ពេលនេះសមត្ថកិច្ចបានចាប់ខ្លួនបាននៅវេលាម៉ោង ២ រសៀលនាថ្ងៃទី ១១ ឧសភានេះ ហើយជនសង្ស័យក៏មាន ស្នាមរបួស២ កន្លែងត្រូវដៃ ។ ឥឡូវនេះសមត្ថកិច្ចជំនាញបានរៀបចំសំណុំរឿង និង បញ្ជូនជនសង្ស័យទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕