មណ្ឌលគិរី៖ ដើមភ្លៅនាង រលោងស្រិលដែលមានកម្ពស់ខ្លះរហូតដល់២០ម៉ែត្រនឹងដុះរាយប៉ាយនៅក្នុងតំបន់លំផាត់ដែលកន្លែងខ្លះមានដុះផ្ដុំគ្នាប្រហែល១០ទៅ២០ដើម និងកន្លែងខ្លះមានរហូតដល់៥០ដើម ដែលដុះនៅក្នុងព្រៃតំបន់អភិរក្សលំផាត់សិ្ថតក្នុងស្រុកកោះញែកខេត្តមណ្ឌលគិរី បានទាក់ទាញចំណាប់អារម្មណ៍មន្ត្រីឧទ្យាននុរក្សដែលចេញ-ចូលនៅក្នុងព្រៃនៃតំបន់នេះមិនតិចនោះឡើយ ។
ដើមភ្លៅនាងជាប្រភេទដើមឈើដែលដុះនៅក្នុងព្រៃហើយទាក់ទាញការចាប់អារម្មណ៍ពីភ្នែកមនុស្សត្រង់ថា វាជាប្រភេទដើមឈើខ្ពស់ស្រឡូនរលោងល្អប្រៀបដូចជាសាច់ឬភ្លៅមនុស្សយ៉ាងដូច្នោះដែរ ។ ភ្លៅនាងមិនមែនជាឈ្មោះហៅតៗគ្នានៃក្រុមមន្ត្រីឧទ្យានុរក្សដែលប្រទះឃើញដើមឈើមួយប្រភេទនេះនៅក្នុងតំបន់ព្រៃអភិរក្សលំផាត់នោះទេ។ នៅក្នុងភាសាបច្ចេកទេសក៏មានសំគាល់ដើមភ្លៅនាងនេះដែរ ហើយនៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាត ក៏បានកំណត់ឬសម្គាល់ដើមភ្លៅនាងនេះថាជារុក្ខជាតិមួយប្រភេទផងដែរ ។
បើតាមប្រសាសន៍របស់លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឲ្យដឹងថា ដើមភ្លៅនាងជាប្រភេទរុក្ខជាតិក្នុងព្រៃដែលពើបប្រទះឃើញនៅក្នុងតំបន់ព្រៃអភិរក្សលំផាត់ស្ថិតនៅក្នុងស្រុកកោះញែកខេត្តមណ្ឌលគិរី។ ប្រភេទឈើនេះមានដុះដោយដុំដោយកន្លែងនៅក្នុងតំបន់ព្រៃអភិរក្សលំផាត់ដែលកន្លែងខ្លះមានប្រហែល២០ឬ ៣០ ដើមនិងកន្លែងខ្លះអាចមានដល់៥០ដើម ។ ដើមឈើនេះវាទាក់ទាញអារម្មណ៍យើងត្រង់ថា វារលូននិងស្រឡូនល្អប្រៀបដូចជាភ្លៅមនុស្ស ។ នៅពេលដែលយើងធ្វើដំណើរបានមកដល់ឬជួបដើមភ្លៅនាងធ្វើឲ្យអារម្មណ៍យើងហាក់សប្បាយរីករាយនិងបាត់ភាពនឿយហត់បានមួយចំណែកផងដែរ។ ម្នាក់ៗតែងតែថតរូបដើមភ្លៅនាងដើម្បីយកទៅបង្ហាញឱ្យអ្នកផងបានស្គាល់ឬក៏យកទៅចែករំលែកនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ។ មនុស្សជាច្រើនចង់ឃើញដោយផ្ទាល់អំពីដើមភ្លៅនាងនេះ ។
លោកប្រធានមន្ទីរបានបញ្ជាក់ថា តំបន់អភិរក្សលំផាត់សំបូរទៅដោយធនធានធម្មជាតិនិងរុក្ខជាតិច្រើនប្រភេទ ។ បច្ចុប្បន្ននេះកំពុងត្រូវបានគាំពារនិងថែរក្សាដោយមន្ត្រីឧទ្យាននុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ។ ដើមភ្លៅនាងទាក់ទាញការចាប់អារម្មណ៍ពីប្រជាពលរដ្ឋក៏ដូចជាមហាជនទូទៅនៅពេលដែលឃើញសម្រស់របស់វា ។ លោកថា រលោងស្អាត,ស្រឡូនដូចភ្លៅនាង ។
ទន្ទឹមនឹងនេះ ក្រុមមន្ត្រីឧទ្យានុរក្សមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានប្តេជ្ញាចិត្តថានឹងថែរក្សាគាំពារដើមភ្លៅនាងនេះឲ្យមាននិរន្តរភាពដើម្បីជាប្រយោជន៍ឲ្យប្រជាពលរដ្ឋខ្មែរបានឃើញនៅពេលអនាគតពោលគឺហើយរំពឹងថាដើមភ្លៅនាងមិនផុតពូជនោះឡើយ៕