ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ក្មេងប្រុសម្នាក់ដើរតាមទៅមើលបុរស៣នាក់ ដើររាវខ្ចៅនៅតាមជ្រាំងទន្លេបាសាក់ ហក់ចុះទៅលេងទឹក បណ្តាលឲ្យលិចចុះទៅក្រោម រយៈពេលជាងកន្លះម៉ោង ទើបរាវឃើញយកទៅសង្រ្គោះនៅឯមន្ទីរពេទ្យ តែអកុសលបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ដែលស្ថិតនៅចំណុចជ្រាំងទន្លេសាប ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុបានជម្រាបឲ្យដឹងថា សពក្មេងរងគ្រោះខាងលើនេះ មានឈ្មោះ ហៅក្រៅ អាអូនក្រហម អាយុទើបតែ៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល សង្កាត់ចាក់អង្រែក្រោម ។ ក្មេងរងគ្រោះនេះមានស្រុកកំណើតនៅខេត្តតាកែវ ។
បើតាមបុរសម្នាក់ និងអ្នកទៅរាវខ្ចៅជាមួយ២នាក់ផ្សេងទៀត បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ ដោយពួកគាត់បានទំនេរពីការងារ រួចបបួលគ្នាទៅរាវខ្ចៅ នៅតាមបណ្តោយជ្រាំងទន្លេបាសាក់ បន្ទាប់មកពួកគាត់កំពុងតែដើររាវ ស្រាប់តែមានក្មេងប្រុសម្នាក់ រត់មកប្រាប់គាត់ថា មានក្មេងប្រុសម្នាក់នៅខាងក្រោយ បានលោតចុះទៅលេងទឹងជិតកន្លះម៉ោងទៅហើយ អត់ឃើញងើបមកវិញទេ គ្រាន់តែឮដូចនេះពួកគាត់ទាំង៣នាក់ បានរត់ស្លន់ស្លោចុះទៅរាវរកក្មេងរងគ្រោះខាងលើ ឃើញបានស្រង់ក្មេងរងគ្រោះនោះ លើកមកលើគោក ដឹកយកទៅមន្ទីរពេទ្យដើម្បីជួយសង្រ្គោះ តែអកុសលគាត់បានស្លាប់បាត់ទៅហើយ រួចបានទំនាក់ទំនងទៅម្តាយក្មេង ឲ្យមកមើលដើម្បីរៀបចំ យកទៅដាក់នៅវត្តចាក់អង្រែក្រោមតែម្តងទៅ ។
ភ្លាមៗនោះ ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួច ក៏ធ្វើរកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅតម្កល់ទុកធ្វើបុណ្យនៅវត្តចាក់អង្រែក្រោមតាមប្រពៃណី ៕