ភ្នំពេញ ៖ ជនសង្ស័យ០២នាក់ អ្នកនាំចូល និងចែកចាយខោទឹកនោមម៉ាក «Unidry» ក្លែងក្លាយ ត្រូវបាន កម្លាំងនគរបាល នៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនជនសង្ស័យ។
សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យទី១ឈ្មោះ ឆ ឡៃហ៊ុយ ភេទប្រុស ជាម្ចាស់ទីតាំងស្តុក និងចែកចាយផលិតផលខោទឹកនោមម៉ាក «Unidry» ក្លែងក្លាយ រស់នៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង ឈ្មោះ ទិត្យ ពីរ៉េវ ភេទប្រុស រស់នៅភូមិវាល ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ គឺជាអ្នកនាំចូលផលិតផលខោទឹកនោមម៉ាក «Unidry» ក្លែងក្លាយមកពីប្រទេសចិន និងលក់បន្ដឲ្យឈ្មោះ ឆ ឡៃហ៊ុយ។
បច្ចុប្បន្ន សមត្ថកិច្ច កំពុងឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ខាងលើនៅក្រសួងមហាផ្ទៃដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូបច្បាប់។
សូមជម្រាបថា កម្លាំងជំនាញនៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំ និងសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ កន្លងទៅ បានចុះបង្ក្រាបកន្លែងស្តុកទុកខោទឹកនោមម៉ាក «Unidry» ក្លែងក្លាយ នៅចំណុចផ្ទះរបស់ជនសង្ស័យឈ្មោះ ឆ ឡៃហ៊ុយ ស្ថិតនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ច បានរកឃើញ និងរឹបអូសខោទឹកនោមម៉ាក «Unidry» ក្លែងក្លាយនេះចំនួន ៥៧៩ កេស។
នៅចំពោះមុខសមត្ថកិច្ចជំនាញ ជនសង្ស័យឈ្មោះ ឆ ឡៃហ៊ុយ ជាអ្នកស្តុក និងចែកចាយផលិតផល ខោទឹកនោមម៉ាក «Unidry» ក្លែងក្លាយ បានសារភាពថា ក្រៅពីផ្ទះដែលខ្លួនកំពុងរស់នៅនេះ ខ្លួនបានស្តុកឥវ៉ាន់ខាងលើ នៅផ្ទះលេខ៤១E0 ផ្លូវ១៩៨ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញផងដែរ។
ជនសង្ស័យឈ្មោះ ឆ ឡៃហ៊ុយ បានបន្ដថា ខ្លួនបានផ្សំគំនិតទិញទំនិញនេះ ពីជនសង្ស័យឈ្មោះ ទិត្យ ពីរ៉េវ ។
ក្នុងការបង្ក្រាបផលិតផលក្លែងក្លាយនេះ ក្រុមហ៊ុន វិន ស៊ុន (ខេមបូឌា) ខូ អិលធីឌី ដែលជាម្ចាស់ម៉ាក Unidry ស្របច្បាប់នោះ បានស្នើឲ្យតុលាការចាត់វិធានការច្បាប់លើក្រុមជនសង្ស័យឲ្យបានម៉ឺងម៉ាត់បំផុត
ព្រោះពួកគេបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុន និងជាពិសេសបង្កជាហានិភ័យដល់អ្នកប្រើប្រាស់ថែមទៀតផង៕