ភ្នំពេញ ៖ ភ្លៀងធ្លាក់លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ បណ្ដាលឲ្យខូចខាតផ្ទះរបស់ប្រជាពលរដ្ឋចំនួន៩ខ្នងដួលរលំនិងប៉ើងដំបូល នាភូមិគ្រួស ភុមិសំរោងកណ្តាល និងភូមិសំរោង នៅក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីបព្រលប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ តែមិនបណ្តាលឲ្យមនុស្ស និងសត្វរងរបួសឡើយ។
ខ្យល់កន្ត្រាក់បំផ្លាញផ្ទះប្រជាពលរដ្ឋទាំង៩ខ្នងនេះ មានក្នុងភូមិគ្រួសទី១ផ្ទះលោក អ៊ុ សាខន របើកក្បឿង៧០សន្លឹក ទី២ផ្ទះលោក ឃន សំបូរ របើកសង្កសី៣សន្លឹក ទី៣ផ្ទះលោក យង់ ហុយ របើកសង្កសី១៤សន្លឹក ទី៤ផ្ទះលោក ថាច ជុង របើកសង្កសី១៥ សន្លឹក ទី៥ផ្ទះលោកស្រី មាស ផាន ទ្រេតផ្ទះ និងទី៦ផ្ទះលោកស្រី ម៉ម សុភាព របើកក្តាជញ្ជាំង១០សន្លឹក។ រីឯនៅក្នុងភូមិសំរោងកណ្តាល ទី១ផ្ទះលោកស្រី ម៉ាញ ម៉ុនន រលំផ្ទះទាំងស្រុង និងទី២ផ្ទះលោកស្រី គុល អ៊ូច របើកដំបូលផ្ទះ។ ចំណែកក្នុងភូមិសំរោងត្បូង មាន១ខ្នងផ្ទះគឺផ្ទះលោក តឹម ចាន់ធារុណ របើកសង្កសី៤សន្លឹក។
យ៉ាងណាក្នុងករណីគ្រោះធម្មជាតិក្នុងសង្កាត់សំរោងនេះ ពុំមានប៉ះពាល់គ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វឡើយ។ បច្ចុប្បន្នអាជ្ញាធរសង្កាត់សំរោង និងខណ្ឌព្រែកព្នៅបានចុះធ្វើការត្រួតពិនិត្យនិងរៀបចំសណ្តាប់ធ្នាប់ជូនប្រជាជនឡើងវិញ និងកំពុងរៀបចំអំណោយយកទៅចែកជូនប្រជាពលរដ្ឋដែលកំពុងតែជួបការលំបាកនេះឲ្យឆាប់៕