ភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជាបានព្រមានថាគ្រាប់មីន និងសំណល់ជាតិផ្ទុះនៅតែជាឧបស័គ្គអាចបំផ្លាញជីវិតយើងគ្រប់ពេលវេលាជាពិសេសនៅតាមអតីតតំបន់សមរភូមិនិងព្រំដែន ដែលទាមទាឲ្យបងប្អូនកសិករធ្វើស្រែចម្កាត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់។
តាមរយៈគេហទំព៍រហ្វេសបុករបស់អាជ្ញាធរមីនកម្ពុជា បានបង្ហាញថា រយៈពេល៤ខែ ក្នុងឆ្នាំ២០២១ នេះមានជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន២០នាក់ អត្រាគ្រោះថ្នាក់នោះ មានការកើនឡើងម្នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានជនរងគ្រោះចំនួន ១៩នាក់ប៉ុណ្ណោះ។
អាជ្ញាធរមីនបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវសាកសួរអាជ្ញាធរមូលដ្ឋាន ឬអ្នកដែលដឹងច្បាស់អំពីព័ត៌មាននៅក្នុងភូមិសាស្ត្រដែលត្រូវធ្វើស្រែចម្កា មុននឹងការប្រើប្រាស់គ្រឿងចក្រធុនធ្ងន់រុករានដីដែលមិនទាន់បានធ្វើការបោសសម្អាតមីននោះ។ជាងនេះ នៅពេលដែលបងប្អូនបានឃើញគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។
សូមជម្រាបជូនថាមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាហៅកាត់ថា (CMAC)ក្នុងឆ្នាំ២០២០ កន្លងទៅ បានចុះផ្សព្វផ្សាយអប់រំយល់ដឹងអំពីមីនដល់ប្រជាពលរដ្ឋបានប្រមាណជាងមួយលាននាក់ផងដែរ៕