ខេត្តបាត់ដំបង ៖ យុវជនម្នាក់ ដែលជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន សង្ស័យបែកថ្នាំ បានយកប្រេងម៉ាស៊ូតដុតផ្ទះខ្លួនឯងក៏បណ្ដាលអោយឆេះ ស្លាប់ទាំងខ្លួនឯង រួមទាំងទ្រព្យសម្បត្តិមួយចំនួនធំទៀតផង។ ហេតុការណ៍គ្រោះអគ្គីភ័យនេះ កើតឡើងនៅម៉ោង០៧យប់ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចក្រុមទី២០ ស្ថិតក្នុងភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះគឺឆេះផ្ទះតម្កល់០១ខ្នង ទំហំ ៥ម៉ែត្រx៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងក្តារ (ខូចខាត ៨០%) ម្ចាស់ផ្ទះមានឈ្មោះ ទុយ សាឡៅ ភេទប្រុសអាយុ៤៣ឆ្នាំ រស់នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
សម្ភារៈខូចខាតក្នុងនោះមាន ៖
-ទូរទស្សន៍ ០១គ្រឿង (ខូចខាតទាំងស្រុង)
-តុឈើ ០២ (ខូចខាតទាំងស្រុង)
-ទូខោអាវ ០១ (ខូចខាតទាំងស្រុង)
-ម៉ាស៊ីនដេរ ០១ (ខូចខាតទាំងស្រុង)
-សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅរួមនិងឯកសារផ្សេងទៀត ព្រមទាំងសំលៀកបំពាក់មួយចំនួន ខូចខាតទាំងស្រុង ផងដែរ ដោយសរុបការខូចខាតប្រហែល ៣០.០០០.០០០រៀល (សាមសិបលានរៀល)។
ចំណែកអ្នកស្លាប់នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះមាន ឈ្មោះ រើន ឡី អាយុ២៤ឆ្នាំ រស់នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង (ត្រូវជាកូនបង្កើតរបស់ម្ចាស់ផ្ទះ)។
សមត្ថកិច្ចបានបញ្ជាក់ថា៖មូលហេតុនេះដោយសារជនរងគ្រោះដែលស្លាប់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងបែកថ្នាំ បានយកប្រេងម៉ាស៊ូតដុតផ្ទះខ្លួនឯងក៏បណ្ដាលអោយឆេះឡើងតែម្តង។ ហើយភ្លាមៗនោះ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យ ស្រុក០១ គ្រឿង និងគោយន្តច្នៃ ដឹកទឹក ០១ គ្រឿងចេញអន្តរាគមន៍ដោយប្រើប្រាស់ទឹកអស់ចំនួន០៤ឡានផងដែរ៕