ព្រះសីហនុ ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ជាជនជាតិខ្មែរម្នាក់ ពីបទក្លែងបន្លំជានគរបាលជាតិ លួចដឹកជនជាតិចិន ឆ្លងកាត់តំបន់បិទខ្ទប់ (តំបន់ក្រហម) និងមិនគោរពតាមវិធានការសុខាភិបាល កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់ពី លោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ។
របាយការណ៍ដដែលបញ្ជាក់ថា ជនសង្ស័យឈ្មោះ លូ គឹមហ្វាត ជនជាតិខ្មែរ អាយុ២៧ឆ្នាំ មានទីលំនៅ នៅសង្កាត់អូរឬស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានមុខរបរជាអ្នកបកប្រែភាសា នៅសណ្ឋាគារម្ដុំណានហៃ សង្កាត់លេខ៣។ បុរសរូបនេះ បានជិះរថយន្ដម៉ាកToyota Camry ព៌ណស ពាក់ស្លាកលេខភ្នំពេញ 2AH-2263 មានដឹកជនជាតិចិនម្នាក់ឈ្មោះ CHEN XUBO អាយុ២៧ឆ្នាំ ពីម្ដុំសណ្ឋាគារណានហៃ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ចេញពីគោលដៅហាមឃាត់ ហើយត្រូវសមត្ថកិច្ចប្រចាំការគោលដៅត្រួតពិនិត្យឃាត់ខ្លួន។
ករណីនេះឈ្មោះ លូ គឹមហ្វាត បានប្រាប់សមត្ថកិច្ចថា ចំពោះអាវនគរបាលដែលពាក់នៅលើកៅអីឡានខាងមុខ ជារបស់បងថ្លៃ បម្រើការងារនាយកដ្ឋាននគរបាលព្រំដែនគោក នៃក្រសួងមហាផ្ទៃ។ ឯមួកថ្នាក់ឧត្ដមសេនីយ៍ ដែលទុកនៅលើតាបឡូរថយន្ដខាងមុខ ជារបស់មិត្ដភ័ក្តិខ្លួន ជាមន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាអ្នកយកមកដាក់។ សម្ភារៈទាំងនេះ បងថ្លៃ និងមិត្ដភ័ក្តិបានភ្លេច ក្នុងរថយន្ដរបស់ខ្លួន។
បច្ចុប្បន្ន ករណីនេះកំពុងដំណើនីតិវិធី នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃខេត្តព្រះសីហនុ៕