ភ្នំពេញ៖ ក្រសួងការបរទេស ប្រកាសស្វែងរកជាងគំនូនិមិត្តសញ្ញាអាស៊ាន២០២២ ខណៈពេលព្រះរាជណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិង កិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២ខាងមុខនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការបានឲ្យដឹងថា តាងនាមឱ្យគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សូមប្រកាសអញ្ជើញបេក្ខជនកម្ពុជាចូលរួមប្រកួតប្រជែងរចនានិមិត្តសញ្ញា(Logo)អាស៊ាន ឆ្នាំ២០២២។និមិត្តសញ្ញាដែលទទួលបានជ័យលាភី នឹងត្រូវយកទៅប្រើប្រាស់លើរាល់ឯកសារ និងក្នុងព្រឹត្តការណ៍នានារបស់អាស៊ាន នៅពេលកម្ពុជាកាន់តួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២២។
ក្រសួងការបរទេសបានឲ្យដឹងទៀតថា ការរចនានិមិត្តសញ្ញានេះត្រូវផ្អែកតាមទស្សនទាន និងបំពេញតាមលក្ខខណ្ឌ ដូចមានជូនភ្ជាប់។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏សូមផ្តល់ជូននូវគំរូនិមិត្តសញ្ញាប្រធានអាស៊ានមុនៗ ពីឆ្នាំ២០១២-២០២១ សម្រាប់ជាមូលដ្ឋានក្នុងការពិចារណា ដូចមានភ្ជាប់មកជាមួយគ្នានេះដែរ។
គូសបញ្ជាក់ថា បេក្ខជនជ័យលាភី នឹងទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ៤.០០០.០០០រៀល (បួនលាន) ហើយបេក្ខជន២រូបទៀតដែលជាប់វគ្គជម្រុះ នឹងទទួលបានរង្វាន់លើកទឹកចិត្ត ក្នុង១រូប ចំនួន ១.០០០.០០០រៀល (មួយលាន)។
បេក្ខជនដែលមានបំណងចង់ចូលរួមប្រកួតប្រជែង ត្រូវផ្ញើនិមិត្តសញ្ញា ដោយពន្យល់ពីអត្ថន័យនៃនិមិត្តសញ្ញា (Logo)មកអ៊ីមែល aseanlogo2022@gmail.com ចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២១ ដើម្បីគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ ធ្វើការវាយតម្លៃ៕