ភ្នំពេញ ៖ យុវតីវ័យក្មេងម្នាក់ បន្ទាប់ពីទទួលដំណឹងថា ម្តាយនាងស្លាប់ បានសម្រេចចិត្ត ទៅលោតទឹកសម្លាប់ខ្លួន លើស្ពានជ្រោយចង្វា ប៉ុន្តែមិនសម្រេច ត្រូវសមត្ថកិច្ច ជួយឃាត់ទាន់ពេល។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលនៅម៉ោង៣រសៀល ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ចំណុចស្ពានជ្រោយចង្វា (មិត្តភាពកម្ពុជា-ជប៉ុន ) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភព ពីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា នាងមានឈ្មោះ (ជ. ជ) មានស្រុកកំណើតនៅខេត្តព្រះវិហារ សព្វថ្ងៃបំរើការងារ ជាកម្មការិនីរោងចក្រមួយកន្លែង នៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាលមូលហេតុដែលឈានការសម្រេចចិត្ត មកលោតទឹកសម្លាប់ខ្លួននេះ គឺបន្ទាប់ពីនាងទទួលបានដំណឹងថា ម្ដាយបង្កើតបានទទួលមរណភាព កាលពីម្សិលមិញ ចោលគាត់ថែមទាំងមិនអាចទៅធ្វើបុណ្យ ដើម្បីសងគុណម្ដាយជាលើកចុងក្រោយបាន នាងគិតអ្វីមិនចេញទើបសម្រេចចិត្ត ហៅកង់បីឥណ្ឌាជិះពីបែកចាន មកលោតទឹកលើស្ពានជ្រោយចង្វា តែត្រូវសមត្ថកិច្ចមកឃាត់ទាន់ពេល ហៅចុះមកគល់ស្ពានវិញ ។
ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ស្រះចក មកសួរនាំយុវតីខាងលើរួចពន្យល់ រួចរកលេខមិត្តភក្តិ បងប្អូនដើម្បីទំនាក់ទំនងមកទទួលយកត្រឡប់ទៅផ្ទះវិញ ៕