ខេត្តបាត់ដំបង ៖ ពលរដ្ឋប្រទះឃើញ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជិត ១០០គ្រាប់ នៅក្នុងដីចំការ នៅស្រុកគាស់ក្រឡ ទីតាំងពីរផ្សេងគ្នា។
លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡបានរាយការណ៍ថា÷ នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២១នេះប្រជាកសិករម្នាក់នៅពេលដែលកំពុងភ្ជួរដីធ្វើចម្ការក៏បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់កប់ក្នុងដីនៅទីតាំងពីរផ្សេងគ្នា ស្ថិតក្នុងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ គ្រាប់យុទ្ធភ័ណ្ឌជាច្រើនប្រភេទដែលប្រជាពលរដ្ឋភ្ជួរដីប្រទះឃើញនាពេលនេះសរុបចំនួន ៩៤គ្រាប់ ដែលក្នុងនោះមាន! ប្រភេទគ្រាប់ M៧៩ ចំនួន ២៣គ្រាប់, គ្រាប់បែកមានដងឈើចំនួន ០១គ្រាប់, ប្រភេទគ្រាប់បែក៦៧ចំនួន ០១គ្រាប់, គ្រាប់១២,៧ ចំនួន ១៥គ្រាប់ និងប្រភេទគ្រាប់ RPK ចំនួន ៥៤គ្រាប់ផងដែរ។
លោកវរសេនីយ៍ឯក ប៉ាង ហៀង បានបន្តថា÷ គ្រាប់យុទ្ធភ័ណ្ឌដែលមិនទាន់ផ្ទុះខាងលើនេះ វាបានកប់នៅក្នុងដីចម្ការដែលទើបនឹងភ្ជួរថ្មី ហើយសុទ្ធសឹងជាគ្រាប់នៅមានប្រសិទ្ធភាពនៅឡើយ ហើយវាជាប្រភេទដែលនៅសេសលស់តាំងពីសម័យសង្គ្រាមមកម៉្លេះ៕