ខេត្តកំពង់ចាម ៖ ផ្ទះឈើចំនួន២ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ អស់ទាំងស្រុង កាលពី វេលាម៉ោង ២ រសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ស្ថិត នៅក្នុងភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ដោយ ម្ចាស់ ផ្ទះ បាន អះអាង ថា មក ពី ទុស្សេ ខ្សែភ្លើង។
លោកវរសេនីយ៍ឯក អ៉ឹង ប៊ុន អធិការនគរបាល ក្រុងកំពង់ចាម បានឲ្យដឹងថា ការ ចុះ អន្តរាគមន៍ ករណី អគ្គីភ័យ ឆេះ កម្លាំង ជំនាញ បាន ប្រើប្រាស់ រថយន្ត ពន្លត់ អគ្គីភ័យ របស់ ស្នងការដ្ឋាន នគរបាល ខេត្ត ចំនួន ៣គ្រឿង និង ស្រុក កំពង់សៀម ១គ្រឿង សរុប ចំនួន ៤គ្រឿង ដោយ ប្រេីប្រាស់ ទឹកអស់ចំនួន ១១ឡាន រហូតដល់ វេលាម៉ោង២ និង៣០នាទី ថ្ងៃ ដដែល ទេីប ភ្លេីង រលត់អស់ ជាស្ថាពរ ១០០% ។
លោកអធិការបញ្ជាក់ថា ករណី អគ្គីភ័យ នេះ បណ្តាលឲ្យឆេះផ្ទះអស់ចំនួន ២ខ្នងផ្ទះ គឺ ÷ ទី១.ម្ចាស់ផ្ទះមានឈ្មោះ ពេជ្រ ឃុន ភេទប្រុស អាយុ ៤៦ឆ្នាំ នៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម (ផ្ទះទំហំ ៨×២០ម៉ែត្រ ឆេះអស់ទាំងស្រុង) ។ និងទី២. ម្ចាស់ផ្ទះមានឈ្មោះ តាន់ វ៉ាន់ថុន ភេទស្រី អាយុ ៦៦ឆ្នាំ នៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម (ផ្ទះ 4ខ្នង ទំហំ ៩×២០ម៉ែត្រ ឆេះអស់ទាំងស្រុង ។ ក្រៅពីនោះ អគ្គិភ័យក៏បានបំផ្លាញសម្ភារៈ និងទ្រព្យសម្បត្តិ អស់មួយចំនួនទៀត ផងដែរ ។
ប្រភពអះអាង ពីម្ចាស់ផ្ទះ ឈ្មោះ ពេជ្រ ឃុន ថា មូលហេតុ នៃ អគ្គីភ័យ ខាងលើ គឺបណ្ដាលមកពីទុស្សេខ្សែភ្លើង ។
ដោយឡែក មកដល់ពេលនេះ មិនទាន់មានព័ត៌មានផ្លូវការ បញ្ជាក់អំពីទំហំទ្រព្យសម្បត្តិ ដែលបាត់បង់ និងមូលហេតុ នៃអគ្គិភ័យនេះ នៅឡើយទេ ៕