ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកឧត្តម ហេង សួរ បានឱ្យដឹងថា អ្នកដែលរស់នៅក្នុងតំបន់លឿងប្រមាណពី១៨ម៉ឺន ទៅ២០ម៉ឺននាក់ នឹងអាចមានការងារធ្វើ និងចាប់ផ្តើមមានមុខរបររបស់ខ្លួនឡើងវិញ ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៍មាននៅក្រសួងយុត្តិធម៌នៅព្រឹកថ្ងៃទី២៨មេសានេះ ឯកឧត្តមបញ្ជាក់ថា នៅក្នុងតំបន់លឿងយ៉ាងហោចណាស់មានរោងចក្រចំនួន៦០រោងចក្រអាចដំណើរការវិញបាន និងមានក្រុមហ៊ុនតូចៗផ្សេងទៀត ដែលអាចផ្តល់ការងារដល់កម្មករបុគ្គលិក។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា បើទោះបីជារោងចក្រ ក្រុមហ៊ុននោះស្ថិតក្នុងតំបន់លឿងដែលអាចដំណើរការបានក៏ដោយ ប៉ុន្តែកម្មករនិយោជិកដែលរស់នៅតំបន់ក្រហម និងតំបន់លឿងទុំនៅតែមិនអាចចេញមកធ្វើការបាននៅឡើយ។
សូមជម្រាបថា រយៈពេល១៤ ថ្ងៃនេះការខ្ចប់នៅរាជធានីភ្នំពេញ និង ក្រុងតាខ្មៅ មានមនុស្សជាង១លាន២សែននាក់ និងក្រុមហ៊ុនរោងចក្រ សហគ្រាសជិត៨ពាន់បានរងផលប៉ះពាល់៕