ខេត្តតាកែវ ៖ នគរបាលខេត្តតាកែវ បានឃាត់ខ្លួន ជនសង្ស័យ ជាចោរវ័យក្មេងម្នាក់ បន្ទាប់ពីលី ពូថៅ ទៅកាប់សោផ្ទះ លួចយកទ្រព្យសម្បត្តិ គ្រឿងអលង្កា ជាច្រើន កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នៅភូមិព្រៃផ្តៅជើង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ព្រំ ពុទ្ធី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃផ្តៅជើង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស បានធ្វើសកម្មភាពចូលលួច យកទ្រព្យសម្បត្តិរួមមាន៖ -ខ្សែកមាសទម្ងន់៤ជីមួយខ្សែ។ -ខ្សែដៃមាសទម្ងន់៤ជីមួយខែ្ស។ -ចិញ្ចៀនមាសទម្ងន់២ជីមួយវង់ និងប្រាក់ចំនួន១០០ដុល្លារ។
ជនរងគ្រោះជាម្ចាស់ផ្ទះ ឈ្មោះ នង សារី ភេទស្រី អាយុ ៥៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃផ្តៅជើង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំមកអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី រីឯវត្ថុតាងត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញ៕