ភ្នំពេញ ៖ គូសង្សារពីរនាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២ ចាប់វាយខ្នោះ បន្ទាប់ពីផឹកស៊ីស្រវឹងកើតភ្លើងប្រចណ្ឌឈ្លោះប្រកែកគ្នាតាមដងផ្លូវ បង្កឲ្យមានកាលភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង០៥នាទីយប់ ថ្ងៃទី២៧ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចក្បែរគ្លីនិកឯកជន បញ្ញាសក្តិ តាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ។
សមត្ថកិច្ចខណ្ឌមានជ័យ បានអោយដឹងថា សមត្ថកិច្ចក៏បានលឺសំឡេងស្រែកឡូឡានៅចំណុចកើតហេតុ ដោយឃើញមានបុរសម្នាក់ និងស្ត្រីម្នាក់ ដែលមានសភាពស្រវឹងជោគជាំ បានកំពុងឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃ.កដោយមិនដឹងថា មានរឿងអ្វីនោះទេ? និងបុរសម្នាក់ទៀត កំពុងជួយឃាត់ពួកគេទាំងពីរនាក់។ សមត្ថកិច្ចក៏បានដើរទៅធ្វើការសួរនាំ និងជួយសម្របសម្រួលបុរសនិងស្ត្រីទាំងពីរនាក់នោះ កុំឲ្យមានការឈ្លោះប្រកែកគ្នាជាបន្តទៀត ខ្លាចប៉ះពាល់ដល់អ្នកជិតខាង ប៉ុន្តែពេលដែលសមត្ថកិច្ចចូលទៅឃាត់ និងសួរនាំនោះ ក៏ស្រាប់តែបុរសដែលជាសង្សារដែលកំពុងស្ថិតក្នុងស្ថានភាពស្រវឹងផងនោះ ក៏មានអាកប្បកិរិយាមិនសមរម្យ និងបានចង្អុលមុខសមត្ថកិច្ច ថែមទាំងស្ទុះបំរុងវាយទៅសមត្ថកិច្ចទៀត ក៏ត្រូវបានសមត្ថកិច្ចធ្វើការចាប់វាយខ្នោះភ្លាមៗតែម្តង។
បើតាមសម្តីពីស្ត្រីដែលជាសង្សារ បានឲ្យដឹងថា បុរសដែលឈ្លោះប្រកែកជាមួយនាង ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ គឺត្រូវជាសង្សាររបស់នាង។
ស្ត្រីខាងលើបន្តថា មុនពេលកើតហេតុ នាង និងក្មួយរបស់នាង បាននាំគ្នាអង្គុយផឹកស៊ីនៅខាងមុខបន្ទប់ជួលក្បែរកន្លែងកើតហេតុ បន្ទាប់មកនាងនិងបុរសជាសង្សារបានទាស់ទែងគ្នាបន្តិចបន្តួច។ លុះពេលដែលនាងបានផឹកស្រាបៀរអស់បីទៅបួនកំប៉ុង បុរសជាសង្សារក៏បានហៅឲ្យឈប់ផឹក និងឲ្យទៅផ្ទះ ប៉ុន្តែនាងមិនចង់ទៅផ្ទះទេ ក៏បានទាស់ទែងជាមួយនឹងបុរសជាសង្សារ ទើបនាងបានទូរស័ព្ទហៅបុរសជាមិត្តភក្ដិម្នាក់ទៀតឲ្យជិះម៉ូតូមកយកនាងទៅខាងក្រៅ។
ស្ត្រីខាងលើបន្តថា លុះពេលបុរសជាមិត្តភក្តិមកដល់ នាងក៏បានដើរទៅជួបបុរសជាមិត្តភក្តិនាងនៅចំណុចកើតហេតុ ក៏ស្រាប់តែបុរសជាសង្សារបានដើរទៅតាមពីក្រោយ គ្រាន់តែឃើញនាង និងបុរសជាមិត្តភក្តិរបស់នាងភ្លាម បុរសជាសង្សារក៏បានប្រចណ្ឌនាង រួចកើតជាជម្លោះផ្អើលសមត្ថកិច្ចតែម្តង។
ក្រោយពេលកើតហេតុ គូស្នេហ៍ទាំងពីរនាក់នោះ ក៏ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះនាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំចាត់ការទៅតាមនីតិវិធីច្បាប់៕