ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី២៧ មេសានេះ បានចេញសេចក្តី បំភ្លឺទាក់ទងទៅនឹងហ្វេសបុកផេកមួយឈ្មោះថា Khmer Plus ដែលបានផ្សាយផ្ទាល់ព័ត៌មានមិនពិត បំពុលបរិយាកាសសង្គម ថា៖ ម្ចាស់ផ្ទះជួលមួយកន្លែង នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បានចាក់សោរ មិនឲ្យអ្នកជួលជិត២០០គ្រួសារ ចេញក្រៅបន្ទប់ទេ ហើយបានផ្សាយផ្ទាល់ទៀតថា ម្ចាស់ផ្ទះលក់ទំនិញថ្លៃ១គុណជា២ ដល់អ្នកជួលបន្ទប់ទាំងនោះ ហើយថែមទាំងមិនបញ្ចុះតម្លៃផ្ទះជួលឲ្យគ្នាទៀតផង។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការជាមួយអជ្ញាធរសង្កាត់ បានចុះដល់ទីតាំងជាក់ស្តែង ហើយបានធ្វើការសាកសួរម្ចាស់បន្ទប់ជួល គាត់បានបញ្ជាក់យ៉ាងច្បាស់ថា ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការចុះណែនាំផ្ទាល់របស់អជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា ទីតាំងផ្ទះប្រជាពលរដ្ឋ ដែលស្ថិតនៅទីនេះ មិនត្រូវបានអនុញ្ញាតឲ្យចេញក្រៅផ្ទះនោះទេ បើសិនជាមិនមានការចាំបាច់ ។
ដើម្បីឆ្លើយតបទៅនឹងការផ្សាយផ្ទាល់ព័ត៌មានខុសពីការពិតនេះ នៅវេលាម៉ោង ៥ល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ប្រជាពលរដ្ឋចំនួន ៥រូប តំណាងឲ្យប្រជាពលរដ្ឋទាំងអស់ ដែលបានជួលបន្ទប់ ដូចមានទីតាំងបានបញ្ជាក់ជូនខាងលើ បានចូលខ្លួន មកធ្វើការបំភ្លឺ និងបកស្រាយ ជូនប្រជាពលរដ្ឋទាំងអស់ ដោយបានថត វីដេអូខ្លី ដើម្បីបញ្ជាក់ឲ្យប្រជាពលរដ្ឋទាំងអស់ បានជ្រាបច្បាស់ថា ការផ្សាយផ្ទាល់របស់ផេក Khmer Plus គឺខុសពីការពិតទាំងស្រុង ជាការផ្សាយផ្ទាល់ ក្នុងគោលបំណងអាក្រក់ បំពុលបរិយាកាសសង្គម ជាក់ស្តែងម្ចាស់បន្ទប់គាត់អនុវត្តបានយ៉ាងត្រឹមត្រូវ តាមការណែនាំរបស់អជ្ញាធរមូលដ្ឋាន ហើយអ្នកជួលបន្ទប់ ក៏បានបញ្ជាក់បន្ថែមថា បើមានបញ្ហាសុខភាព ឫកិច្ចការចាំបាច់ណាមួយ ក៏ម្ចាស់បន្ទប់ជួលគាត់រាយការណ៍ ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីសុំការអនុញ្ញាតឲ្យចេញដែរ តំណាងអ្នកជួលបន្ទប់ បានបញ្ជាក់បន្ថែមថា ហើយក៏មិនមានការលក់បន្លែ ត្រី សាច់ ក្នុងតម្លៃខ្ពស់ទ្វេរដង ដូចសារព័ត៌មាននោះបានផ្សាយផ្ទាល់នោះទេ ។
សូមចូលរួមផ្សព្វផ្សាយតែព័ត៌មានពិត និងសហការ ដើម្បីលុបបំបាត់ព័ត៌មានមិនពិត ។ រហូតមកដល់ពេលនេះ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ កំពុងតែស្វែងរកម្ចាស់ផេកនេះ ដើម្បីចូលខ្លួន មកបំភ្លឺលើករណីផ្សាយផ្ទាល់ព័ត៌មានមិនពិតនេះ ផងដែរ ៕