ខេត្តពោធិ៍សាត់ ៖ នគរបាលស្រុកភ្នំក្រវាញ បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ ក្នុងករណីពាក់ព័ន្ធ កាប់ព្រះចៅអធិការវត្ត បណ្ដាលឲ្យរងរបួសធ្ងន់ ដេរចំនួន៦០ថ្នេរ ខណៈកំពុងសូត្រមន្ត នាថ្ងៃវិសាខបូជា។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោក វរៈសេនីយ៍ត្រី នង សម្បត្តិ អធិការរងទទួលផែនការងារព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួនឈ្មោះ ឆេង ឆាយ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ.ឃុំត្រូវបានឃាត់ខ្លួនខាងលើ ចំណែកព្រះសង្ឃរងរបួសព្រះនាម ទេព្យ អូច ព្រះជន្មាយុ ៥៤វស្សា ជាព្រះចៅអធិការវត្តបក្សីចាំក្រុង ស្ថិតនៅភូមិ.ឃុំកើតហេតុ។
លោក វរៈសេនីយ៍ត្រី អធិការរងបន្តទៀតថា ជនសង្ស័យដៃដល់(ឆេង ឆាយ)បានយកកាំបិតផ្គាក់ ទៅធ្វើសកម្មភាពកាប់ព្រះសង្ឃនៅវេលាម៉ោង៩ និង០៥នាទី យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នៅគ្រាដែលព្រះសង្ឃ(រងរបួស)និងព្រះសង្ឃអង្គផ្សេងៗទៀតកំពុងសូត្រមន្ត នាថ្ងៃពេញបរមី(វិសាខបូជា)បណ្ដាលឲ្យចំបញ្ចិតបំពង់.ករះចំទ្រូងដល់ឃ្លៀកខាងស្ដាំដេរចំនួន៦០ថ្នេរ រួចយកកាំបិតទៅដាក់ក្នុងទឹកពាងរបស់ខ្លួន និងគេចខ្លួនមួយយប់ ទើបសមត្ថកិច្ចឃាត់ចាប់ខ្លួនបាន ។
លោក អធិការរងបញ្ជាក់បន្តទៀតថា ករណីខាងលើជាការដោះស្រាយរឿងគំនុំ ព្រោះព្រះចៅអធិការ(រងរបួស)ធ្លាប់ចាប់ផ្សឹកជនសង្ស័យ ព្រោះសង្ស័យរូបនេះប្រើប្រាស់សារធាតុញៀន កាលខ្លួននៅជាព្រះសង្ឃនាវត្តខាងលើ បច្ចុប្បន្ន ជនសង្ស័យដៃដល់(ឆេង ឆាយ)បានបញ្ជូនទៅការិយាល័យជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត ៕