ខេត្តរតនគិរី ៖ តុលាការខេត្តរតនគិរី កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ បានសម្រេចឃុំខ្លួនថៅកែចម្ការកៅស៊ូ ដែលបានបាញ់ប្រហារលើកម្មកររបស់ខ្លួន បណ្ដាលឲ្យស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យ។
មន្រ្ដីតុលាការខេត្ដរតនគិរី បានឲ្យដឹងថា ក្រោយពេលលោក ហាង សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចោទប្រកាន់លើជនជាប់ចោទពីបទ«ឃាតកម្ម»នោះមក លោក នៅ យ៉ារ័ត្ន ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តរតនគិរី និងជាប្រធានសាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានសម្រេចឃុំខ្លួន ជាបណ្តោះអាសន្ននូវជនជាប់ចោទជាថៅកែចម្ការកៅស៊ូ ដែលបានបាញ់សម្លាប់លើកម្មកររបស់ខ្លួន។
មន្រ្ដីនគរបាលខេត្តរតនគិរី បានបញ្ជាក់ថា៖ ជនសង័្សយ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការនោះ ឈ្មោះ លី ថេងជាង ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្ត្រីយោធា និងជាថៅកែចម្ការកៅស៊ូ មានស្រុកកំណើតនៅភូមិដំបូក ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ហើយមានទីលំនៅបច្ចុប្បន្ននៅភូមិគងយុ ឃុំប៉ាតតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ក្រៅពីឃាត់ខ្លួនជនសង័្សយខាងលើនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង អាវុធខ្លី១ដើម ម៉ាក CF98, បង់មួយមានគ្រាប់៤គ្រាប់, សំបកគ្រាប់ចំនួន៥ និងរថយន្តមួយគ្រឿង។ រីឯជនរងគ្រោះ ឈ្មោះ រឹម ចន្ថា អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ហើយមានប្រពន្ធ និងកូនម្នាក់ បច្ចុប្បន្ន រស់នៅឯខេត្តស្ទឹងត្រែង។ ជនរងគ្រោះត្រូវបានជនសង័្សយបាញ់ចំឆ្អឹងជំនីរខាងស្តាំ ចំនួន២គ្រាប់ និងត្រូវចំភ្លៅខាងស្តាំ១គ្រាប់។
ប្រភពព័ត៌មានដដែល បានបន្ដថា កាលពីវេលាម៉ោង២ និង៣០រសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ មានការបំផ្ទុះអាវុធ ចំនួន៥គ្រាប់ បង្កឡើងដោយខ្មាន់កាំភ្លើង ជាមន្ត្រីយោធាម្នាក់ និងជាម្ចាស់ចម្ការកៅស៊ូ។ ហេតុការណ៍នេះ បានបណ្ដាលឲ្យបុរសម្នាក់ជាកម្មកររបស់ជនសង័្សយរងរបួសធ្ងន់ នៅក្នុងចម្ការកៅស៊ូ ស្ថិតក្នុងភូមិគងយុ ឃុំប៉ាតតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ប៉ុន្តែក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកស្រុកបកែវ ជនរងគ្រោះក៏បានស្លាប់។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ ទើបនឹងមកធ្វើការងារឲ្យជនសង័្សយជាឃាតក កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២១ ដោយគិតទៅមានរយៈពេល៣ខែប៉ុណ្ណោះ។ លុះមកដល់វេលារសៀល ថ្ងៃទី២៤ ខែមេសា ប្រជាពលរដ្ឋរស់នៅតំបន់នោះ ឮស្នូរកាំភ្លើងបំផ្ទុះឡើងចំនួន៥គ្រាប់។ ភ្លាមៗនោះ ពួកគាត់បានរត់ទៅមើល ក៏ដឹងថា ខ្មាន់កាំភ្លើង ឈ្មោះ លី ថេងជាង បាញ់ប្រហារទៅលើជនរងគ្រោះ ឈ្មោះ រិន ចន្ថា បណ្តាលឲ្យដេកដួលក្នុងថ្លុកឈាម ដោយមានដែកត្បែង១ដើម នៅក្បែរជនរងគ្រោះ។
ប្រភពព័ត៌មានដដែល បានបន្ដថា ក្រោយពេលមានការបាញ់ប្រហារបែបនេះភ្លាម សមត្ថកិច្ចប៉ុស្តិ៍ និងកម្លាំងអធិការដ្ឋានគរបាលស្រុកអូរយ៉ាដាវ បានចុះទៅដល់ចំណុចទីតាំងកើតហេតុ ហើយបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកបកែវ ដើម្បីសង្គ្រោះបន្ទាន់។ ប៉ុន្ដែដោយាររបួសធ្ងន់ធ្ងរពេក ជនរងគ្រោះបានស្លាប់ខណៈបញ្ជូនទៅកាន់មន្ទីរពេទ្យ។
លោកវរសេនីយ៍ សូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវ បានឲ្យដឹងថា ខ្មាន់កាំភ្លើង ឈ្មោះ លី ថេងជាង បានប្រើប្រាស់អាវុធខ្លីម៉ាក (CF98) បាញ់ប្រហារទៅលើជនរងគ្រោះ រហូតដល់ចំនួន៥គ្រាប់។ ជនសង័្សយនេះបានរត់មកចូលសារភាព និងប្រគល់ខ្លួនជូនសមត្ថកិច្ចស្រុកអូរយ៉ាដាវ។ រីឯសមត្ថកិច្ចស្រុកអូរយ៉ាដាវ បានចុះទៅប្រមូលយកវត្ថុតាង រួមមាន កាំភ្លើងខ្លី ម៉ាក CF 98 , បង់១ , សំបកកាទុស្សេ ៥ ដែលផ្ទុះហើយ, គ្រាប់មិនទាន់ផ្ទុះ ចំនួន៤គ្រាប់, រថយន្តម៉ាក Mazda ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-9098 ចំនួន១គ្រឿង, ដែកទីប១ដើម ប្រវែងជាង១ម៉ែត្រ ទំហំប្រមាណ ៤២ មិល្លីម៉ែត្រ។
លោកវរសេនីយ៍ឯក សំ វណ្ណៈ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ថា កាលពីម៉ោង២រសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ជនសង័្សយបានសារភាព និងយោងតាមសកម្មភាពក្នុងកាមេរ៉ាសុវត្ថិភាព បញ្ជាក់ថា ការបាញ់ប្រហារនេះ គឺដោយសារជនរងគ្រោះ បានវាយបំបែកកញ្ចក់រថយន្តរបស់ជនបង្ក ហើយអះអាងថា ជនរងគ្រោះជាអ្នកញៀនថ្នាំថែមទៀត៕