ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌសែនសុខ សហការជាមួយនគរបាលប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួនបុរស០៤នាក់ ជាបន្តបន្ទាប់ ខណៈពេល ដែលព្យាយាមជិះគេចខ្លួន ទៅពួនសម្ងំនៅក្នុងបន្ទប់ជួល។
សមត្ថកិច្ចសង្កាត់ទឹកថ្លា បញ្ជាក់ថា ហេតុការណ៍ដេញឃាត់ជនសង្ស័យ នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ២រសៀលថ្ងៃទី២៦ខែមេសាឆ្នាំ២០២១ នៅក្នុងមូលដ្ឋានសង្កាត់ថ្លា ខណ្ឌសែនសុខ។
សមត្ថកិច្ចបានអះអាងថា ជនសង្ស័យ ៤នាក់រួមទាំងម៉ូតូ២គ្រឿង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាន ដើម្បីសាកសួរ។ ហើយជនសង្ស័យ ពុំត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ត្រូវបាននគរបាលបញ្ជូន ទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីសាកសួរ។
បើយោងតាមសាក្សីបានឲ្យដឹងថា នៅមុនពេល កើតហេតុគេឃើញ កម្លាំងនគរបាលខណ្ឌសែនសុខ បានតាមប្រកាស តាមវិទ្យុទាក់ទងឲ្យកម្លាំងនគរបាល តាមគោលដៅនានា ជួយអន្តរាគមន៍ដើម្បីដេញឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់ខាងលើ ដែលព្យាយាមជិះម៉ូតូគេចខ្លួន។ ភ្លាមៗសមត្ថកិច្ចមួយចំនួនអះអាងថា ជនសង្ស័យលួច និងខ្លះទៀតថាជាជនសង្ស័យឆក់ ។
តាមសមត្ថកិច្ចឲ្យដឹងទៀតថា ជនសង្ស័យបានព្យាយាមគេចខ្លួន ហើយ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ សហការ ជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ហើយឈាន ទៅឃាត់ខ្លួនបានជនសង្ស័យ ជាបន្តបន្ទាប់ចំនួន៤នាក់ ក្នុងនោះមាន២នាក់ ឃាត់ខ្លួននៅពេលទៅសម្ងំលាក់ខ្លួន ក្នុងបន្ទប់ជួល ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ។
តាមនគរបាលនៃអធិការខណ្ឌសែនសុខ បានឲ្យដឹងថា នៅមុនពេល កើតហេតុគេឃើញ ជនសង្ស័យ១ក្រុមជិះម៉ូតូ៣ ទៅ ៤គ្រឿង ដោយមានការសង្ស័យ កម្លាំងនគរបាលឃាត់ហៅសួរនាំ តែជនសង្ស័យ បានព្យាយាមជិះគេចខ្លួនតែម្តង។ បញ្ហាដេញចាប់ជនសង្ស័យ គឺទាក់ទិនការឃាត់ខ្លួន សមត្ថកិច្ចចោទប្រកាន់ពីបទជួបជុំគ្នា ប្រឆាំងនឹងវិធានការរបស់ក្រសួងសុខាភិបាល៕