ភ្នំពេញ ៖ បុរសម្នាក់សង្ស័យបែកថ្នាំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន ធ្វើការអន្តរាគមន៍ឃាត់ខ្លួន ប្រគល់ទៅអោយខាងមន្ទីរសង្គមកិច្ច ខណៈបុរសជាជនសង្ស័យរូបនោះ ជិះម៉ូតូកង់បីគេមិនអោយលុយ ហើយអង្គុយស្រែកឡូឡាពេញមុខផ្ទះប្រជាពលរដ្ឋ កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នៅមុខភោជនីយដ្ឋាន និង សណ្ឋាគារ almond មានទីតាំងនៅតាមបណ្ដោយផ្លូវសុធារស ជិតស្ថានទូតរុស្សី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនកើតហេតុ គឺពួកគាត់ឃើញជនសង្ស័យម្នាក់ខាងលើ បានជិះម៉ូតូកង់បីមួយគ្រឿង មកឈប់នៅមុខភោជនីយដ្ឋានមួយកន្លែងខាងលើនោះ បន្ទាប់មកជនសង្ស័យនោះក៏រត់ចុះពីម៉ូតូកង់បី មិនអោយប្រាក់គេ និងថែមទាំងទៅអង្គុយស្រែកឡូឡានៅមុខភោជនីយដ្ឋានខាងលើ បង្កការភ្ញាក់ផ្អើល និងភាពភ័យខ្លាចដល់ប្រជាពលរដ្ឋពេញដងផ្លូវ។
តាមប្រភពដដែលបានបន្តថា ស្របពេលនោះ កម្លាំងអាវុធហត្ថខណ្ឌចំការមន ល្បាតក្នុងភូមិសាស្ត្រប្រទះឃើញហេតុការណ៍ ក៏ឈប់សួរនាំ តែបុរសជាជនសង្ស័យរូបនោះឆ្លើយ មិនដឹងក្បាល មិនដឹងកន្ទុយ និយាយស្តាប់គ្នាមិនបាន លុះពេលសុំឆែកឆេរខ្លួន ក៏មិនអោយឆែកទៀត គិតតែចង់រត់គេចខ្លួន បន្ទាប់ពីឃើញគួរឲ្យសង្ស័យ កម្លាំងអន្តរាគមន៍ពិសេសខណ្ឌ បានត្រៀមលក្ខណៈស្លៀកពាក់ខោអាវការពារ បាញ់អាកុល និងបាញ់សម្លា.ប់មេរោគជោគខ្លួន ក្នុងដៃប្រដាប់ដោយឧបករណ៍ទំនើប បើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យខាងលើភ្លាមៗតែម្ដង។
បន្ទាប់ពីឃាត់ជនសង្ស័យខាងលើ សមត្ថកិច្ចឆែកឆេរលើដងខ្លួន រកមិនឃើញភស្តុតាងអ្វីគួរឲ្យសង្ស័យនោះទេ ទើបកម្លាំងអាវុធហត្ថសម្រេចនាំខ្លួនជនសង្ស័យខាងលើ ប្រគល់ទៅអោយខាងមន្ទីរសង្គមកិច្ច និងស្ដារនិតិសម្បទា ចាត់ចែងរកកន្លែង ធ្វើចត្តឡីស័ក និងព្យាបាលបន្ត តាមនិតិវិធីជំនាញ៕