ខេត្តបាត់ដំបង ៖ ជនសង្ស័យចំនួន០៤នាក់ ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកបាណន់ រួមជាមួយស្រុកកំរៀង និងស្រុកសំឡូត បានចុះប្រតិបត្តិការបង្ក្រាប ឃាត់ខ្លួន ជាបន្តបន្ទាប់ ពាក់ព័ន្ធក្នុងសំណុំរឿងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនបីករណីផ្សេងគ្នាក្នុងថ្ងៃតែមួយ។
លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះដែរ
ករណីទី០១ ៖ ធ្វើឡើងកាលពីវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ កាំង ពុធ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ រួមជាមួយវត្ថុតាងចាប់យកបានមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន ០៤ថង់ទម្ងន់ ៧,៧១ក្រាមទាំងសំបក
-ទូរស័ព្ទដៃចំនួន០៣គ្រឿង
-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង និងម៉ូតូចំនួន០១គ្រឿង ។
ករណីទី០២ ៖ ធ្វើឡើងកាលពីវេលាម៉ោង ១៤និង០០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នៅចំណុចក្រុមទី០៥ ស្ថិតក្នុងភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង និងបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមាន៖
១-ឈ្មោះ វឿន សារ៉ូ ហៅ អ៊ូ ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង
២-ឈ្មោះ មី ភាព ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ។
វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន ០៧កូនថង់ ទម្ងន់ស្មើ ៨,២៨ក្រាមទាំងសំបក និងសម្ភារៈសម្រាប់ប្រើប្រាស់វិចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
ករណីទី០៣ ៖ ធ្វើឡើងកាលពីវេលាម៉ោង ៩និង៥០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នៅចំណុចក្រុមទី៥ ភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ជួប ជីវិន ហៅ ទក ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅក្រុមទី៥ ភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត និងបក្សពួកម្នាក់ទៀតជាមេក្លោងបានរត់គេចខ្លួនបាត់។
ដោយបានដកហូតវត្ថុតាងរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន ០៧កូនថង់ ទម្ងន់ ១៦,៦០ក្រាមទាំងសំបក
-ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(យ៉ាម៉ាwy)ចំនួន០៥គ្រាប់ ទម្ងន់ ០,៥១ក្រាម
– ប្រាក់ខ្មែរចំនួន ១២៧០០០រៀល(ដប់ពីរម៉ឺនប្រាំពីរពាន់រៀល)
– ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន០១គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
ជនសង្ស័យនិងវត្ថុតាងរហូតមកដល់ពេលនេះ ត្រូវបានសមត្ថកិច្ចការិយាល័យជំនាញកំពុងរៀបចំឯកសារដើម្បីបញ្ជូនបន្តទៅកាន់តុលាកាចាត់ការតាមនីតិវិធី៕