ខេត្តរតនគិរី ៖ យោងតាមរបាយការណ៍ របស់អធិការនគរបាលស្រុកអូរយ៉ាដាវ បានអោយដឹងនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ថា មានករណីផ្ទុះអាវុធខ្លី ជាច្រើនគ្រាប់ នៅចំណុចចំការកៅស៊ូមួយកន្លែង ស្ថិតក្នុងភូមិគងយុគ ឃុំប៉ាត់តេ ស្រុកអូរយ៉ាដាវ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់
ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះត្រូវគ្រាប់ចំឆ្អឹងជំនីខាងស្តាំ ២គ្រាប់ និងត្រូវចំភ្លៅខាងស្តាំ១គ្រាប់ ហើយសមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ ដើម្បីជួយសង្គ្រោះអាយុជីវិត ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក ក៏បានស្លាប់តែម្ដង។
កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រឹម ចន្ថា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករជៀរជ័រកៅស៊ូ មានទីលំនៅកន្លែងកើតហេតុខាងលើ។
សមត្ថកិច្ចបានដកហូតអាវុធខ្លីម៉ាក (CF98) ១ដើម សំបកកាទូសចំនួន ៥សំបក គ្រាប់មិនទាន់ផ្ទុះចំនួន ៤គ្រាប់ បង់ចំនួន ១ និងរថយន្ត Maxda ព៌ណស ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2Z-9098 ពីជនដៃដល់ឈ្មោះ លី ថេងជាង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរយោធា។
បច្ចុប្បន្ន សពត្រូវបានយកទៅតម្កល់ទុកនៅវត្តស្រុកអូរយ៉ាដាវ និងប្រគល់ឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញនៃស្រុកអូរយ៉ាដាវកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕