ភ្នំពេញ ៖ អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា ហៅកាត់ AIP និងដៃគូ បានប្រកាសផ្តើមអនុវត្តការសិក្សាស្រាវជ្រាវស្តីពីលទ្ធភាព និងជម្រើសក្នុងការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិក មករថយន្តដែលមានសុវត្ថិភាពជាងបច្ចុប្បន្ន ដែលរថយន្តដឹកទំនិញ ឬហៅថា រថយន្តកូរ៉េ។
លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការAIP ឱ្យដឹងថា លទ្ធផលបានពីការសិក្សា នឹងជំរុញឱ្យមានការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិកមកជារថយន្តមានសុវត្ថិភាពមានកៅអីអង្គុយត្រឹមត្រូវ និងមានចំនួនផ្ទុកតាមការកំណត់ ដូចជារថយន្តប្រភេទ ទេសចរណ៍(ឡានក្រុង)ជាដើម។
ថ្លែងក្នុងឱកាសប្រកាសចាប់ផ្តើមអនុវត្តគម្រោង តាមរយៈប្រព័ន្ធវីដេអូZoom នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ លោក គឹម បញ្ញា បានបញ្ជាក់ថា ការសិក្សានេះនឹងផ្តោតសំខាន់លើក្រុមគោលដៅចំនួន៣ក្រុម ដែលស្ថិតក្នុងរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម រួមមានអ្នកបើកបររថយន្តដឹកកម្មករនិយោជិត កម្មករនិយោជិត ព្រមទាំងតំណាងអ្នកពាក់ព័ន្ធនៃស្ថាប័នរាជរដ្ឋាភិបាល សង្គមស៊ីវិល សហជីព សមាគមអ្នកបើកបរ ភាគីរោងចក្រ វិស័យឯកជន សមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង និងដៃគូអភិវឌ្ឍន៍ ដើម្បីប្រមូលទិន្នន័យចាំបាច់ឱ្យបានទូលំទូលាយ សំដៅកំណត់យន្តការដែលមានសក្តានុពលគាំទ្រដល់ការផ្លាស់ប្តូរទៅជារថយន្តដែលមានសុវត្ថិភាពជាងមុន សម្រាប់ផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិត។
យោងតាមរបាយការណ៍របស់បេឡាជាតិសន្តិសុខសង្គមកាលពីឆ្នាំ២០១៩ បានបង្ហាញ ថា កម្ពុជាមានរថយន្តចំនួន៤៥៣៧គ្រឿង កំពុងផ្តល់សេវាដឹកកម្មករនិយោជិតទៅមកបំពេញ ការងារ ក្នុងនោះមានរថយន្តដឹកទំនិញ (ថយន្តកូរ៉េ) ចំនួន២៨២៧គ្រឿង ស្មើនឹង៦២ភាគរយ៕