ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួច ខោអាវជជុះពីថៅកែខ្លួនឯង បាន២លើក ក៏ត្រូវអស់លក្ខណ៍ ចាប់ខ្លួន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការ រងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានអោយថា ៖ ជនសង្ស័យ ឈ្មោះ គង់ សំអាត អាយុ២៤ឆ្នាំ (មុខរបរកម្មករលីសែង) រស់នៅភូមិក្បាលស្ពានមួយ សង្កាត់-ក្រុងប៉ោយប៉ែត។
លោកបន្តថា ក្រោយពីទទួលពាក្យបណ្តឹងជនរងគ្រោះឈ្មោះ ឡេង សុភក្ត្រា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិជាមួយគ្នា បានប្តឹងជនសង្ស័យលួចយកខោអាវគីប ឬខោអាវជជុះអស់១ការ៉ុងនៅវេលាម៉ោង១និង៥០នាទីយប់ឈានចូលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នៅចំណុចឃ្លាំងផ្ទះ ស្ថិតក្នុងភូមិក្បាលស្ពានមួយ សង្កាត់-ក្រុងប៉ោយប៉ែត។
ក្រោយពេលឃាត់ខ្លួនយកមកសាកសួរ តាមចម្លើយជនសង្ស័យបានសារភាពថា ខ្លួនជាកម្មករលីសែងឱ្យម្ចាស់ខោអាវគីបខាងលើ ហើយក៏ធ្លាប់បានធ្វើសកម្មភាពលួចនេះចំនួន២លើកមកហើយ ដោយលើកទី១ លួចខោអាវគីបលក់បានតំលៃ៦៧ម៉ឺនរៀល លុះលើកទី២ លួចយកទៅលក់បាន៩ម៉ឺនរៀល ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត ចំណែកខោអាវសល់គីប១ការ៉ុងនោះ ត្រូវបានប្រគល់ជូនម្ចាស់វិញហើយ៕