ខេត្តបាត់ដំបង ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការណ៍ជាមួយសមត្ថកិច្ចនគរបាលស្រុកថ្មគោល កាលពីនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ឃាត់រថយន្តកាមរីពណ៌សមួយគ្រឿង មានស្លាកលេខ បាត់ដំបង 2A-1542 នៅចំណុចឃុំជ្រោយស្តៅ ស្រុកថ្មគោល ដោយក្នុងនោះពិនិត្យឃើញ មានសាច់មាន់ ខូចគុណភាព ចំនួន៥០០គីឡូក្រាម ដែលឈ្មួញលួចដឹកបម្រុងយកមកចែកចាយនៅក្នុងមូលដ្ឋាន។
ក្នុងពេលឃាត់រថយន្តនេះភ្លាមអ្នកបើកបរបានគេចខ្លួន ចេញពីទីនោះបាត់ទៅ ដែលពេលនេះសមត្ថកិច្ចកំពុងស្វែងរកអត្តសញ្ញាណម្ចាស់ថយន្ត និងប្រភពនៃការអនុញ្ញាតឱ្យមានការលួច នាំចូលសាច់មាន់ខូចគុណភាពទាំងនេះ ពីចំណុចព្រំដែនណាមួយនោះហើយ ។
នៅរសៀលថ្ងៃដដែលនេះ ដោយបានការអនុញ្ញាតពីព្រះរាជអាជ្ញា គឺ ប៊ុណ្ណារ៉ា សមត្ថកិច្ចនគរបាលបានដុតបំផ្លាញចោល ហើយនូវសាច់មាន់ខូចគុណភាពទាំងនេះ៕