ខេត្តកំពង់ឆ្នាំង ៖ តាមផ្លូវគោកគេបិទ អស់ហើយដូច្នេះមានតែតាមផ្លូវទឹក ដោយបុរស២នាក់ បានបើកកាណូតបាឡាស្មាច់មួយគ្រឿង ទៅដឹកយកប្អូនថ្លៃស្រីរបស់ខ្លួននៅចំណុចស្ពានព្រែកព្នៅ រាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ប៉ុន្តែគេចមិនផុត ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន បញ្ជូនមកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក ស្រុកកំពង់ត្រឡាច បន្ទាប់មកបានបញ្ជូនមកធ្វើចត្តាឡីស័កនៅក្រុងកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។
លោកអធិការស្រុកកំពង់ត្រឡាច បានបញ្ជាក់ប្រាប់តាមទូរស័ព្ទនៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះថា បុរសទាំង២នាក់ ដែលបានល្មើសនឹងបំរាមរបស់រាជរដ្ឋា ភិបាលខាងលើនេះ ១៖មានឈ្មោះ យ៉ង់ ហឿន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិកំពង់ក្តា ឃុំកំពង់ត្រ ឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ និង២៖ឈ្មោះ យ៉ង់ ចាន់ទុំ អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិឃុំជាមួយ គ្នា ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ពួកគេទាំងពីរនាក់បានបើកកាណូតបាឡាស្មាច់មួយគ្រឿង ទៅដឹកយកប្អូនថ្លៃស្រីរបស់ខ្លួននៅចំណុចស្ពានព្រែកព្នៅ រាជធានីភ្នំពេញ។
លោកអធិការបានបញ្ជាក់ឲ្យដឹងទៀតថា បុរសទាំងពីរនាក់ បានបើកបាឡាស្មាច់មួយគ្រឿងទៅដឹកយកប្អូនថ្លៃរបស់ខ្លួននៅវេលាម៉ោង៦៖៣០នាទីព្រឹកថ្ងៃទី២០ ខែមេ សា ឆ្នាំ២០២១ ដោយមានមនុស្ស៣នាក់ ក្នុងនោះមានស្រី២នាក់ ដែលបានរង់ចាំនៅចំណុចក្បែរស្ពានព្រែកព្នៅ ពួកគេបានដឹកមនុស្សទាំង៣នាក់នោះមកកាន់ភូមិតាមល់ក្រោម ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។បន្ទាប់ពីបានដាក់មនុស្សប្រុសស្រីទាំង៣នាក់នៅនឹងភូមិខាងលើនេះរួចហើយ ពួកគេទាំងពីរនាក់ក៏បានបើកបាឡាស្មាច់១ គ្រឿង ត្រឡប់មកលំនៅដ្ឋានរបស់គេវិញនៅថ្ងៃដដែលនោះផងដែរ។
ជុំវិញករណីខាងលើនេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះឲ្យដឹងថា ករណីនេះមិនអាចលើកលែងឱ្យបានទេ ក្រោយពីបញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ លោកនឹងឲ្យមន្ត្រីជំនាញរបស់លោកកសាងសំណុំរឿងបញ្ជូនទៅតំណាងអយ្យការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕