ខេត្តបន្ទាយមានជ័យ ៖ ផ្ទះប្រជាពលរដ្ឋនិងសាលារៀនប្រមាណជាង៣០ខ្នង ដែលស្ថិតនៅក្នុងក្រុងសិរីសោភ័ណ បានរងការខូចខាត កាលពីព្រលប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០១ ដោយខ្យល់កន្ត្រាក់។
លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងក្រុមការងារបានចុះទៅដល់ទីតាំង ដើម្បីពិនិត្យមើលពីទំហំ នៃការខូចខាត និងចូលរួមសោកស្តាយជាមួយ បងប្អូនដែលរងគ្រោះ ដោយខ្យល់កន្ត្រាក់នេះ។
លោក ហ៊ឹល រ៉ាយ៉ា បានឱ្យដឹងថា លោកពិតជាមានការសោកស្តាយខណៈផ្ទះសម្បែង របស់បងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងរងផលប៉ះពាល់ ដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់។ ក្នុងនោះផ្ទះនិងសាលារៀនចំនួន៣២ខ្នងត្រូវបានរងការខូចខាត។ ហើយនេះជាចំនួនបឋមមួយដែលក្រុងទទួលបានភ្លាមៗក្រោយការប៉ះពាល់។
លោកអភិបាលក្រុងសិរីសោភ័ណបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់សូមបង្កើនការប្រុងប្រយត្ន័ទាំងអស់គ្នាដើម្បីគេចផុតពីគ្រោះថ្នាក់ជាយថាហេតុដែលផ្តើមឡើងដោយខ្យល់កន្ត្រាក់នេះ។ មួយវិញទៀតគ្រោះធម្មជាតិ ពិតជាសាហាវណាស់ ដូច្នេះត្រូវប្រុងប្រយ័ត្នគ្រប់ពេល មិនត្រូវអោយកូនៗ លេងឬមុជទឹកភ្លៀង ពេលមេឃកំពុងភ្លៀងនោះទេ ព្រោះអាចរងគ្រោះ ដោយសាររន្ទះបាញ់ផងដែរ៕