ភ្នំពេញ៖ បន្ទាប់ពីកម្លាំងសមត្ថកិច្ចបង្រាបមន្ត្រីយោធាម្នាក់កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ នៅគោលដៅរង្វង់មូលព្រហ្មមុខបួន សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដែលល្មើសនឹងបំរាមបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពេលនេះ ឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឧតបត្ថម្ភ ថវិកាផ្ទាល់ខ្លួនចំនួន២លាន ៥០ម៉ឺនរៀល ។
ថវិកាដែលផ្តល់ជូនដល់មន្ត្រីទាំង៤រូបនោះរួមមាននោះ៖ ទី១- លោកអនុសេនីយ៍ឯក វែង រីណា នាយផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ (ជនរងគ្រោះ) ចំនួន ១លានរៀល ទី២- លោកអនុសេនីយ៍ឯក កែវ សុខជា មន្រ្តីអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ចំនួន៥០ម៉ឺនរៀល ៣- លោកអនុសេនីយ៍ឯក លីន លី មន្រ្តីការិយាល័យចរាចរណ៍ផ្លូវគោក ចំនួន៥០ម៉ឺនរៀល និងទី៤- លោក ឯល សុភ័ក្រ្ត មន្រ្តីកិច្ចសន្យា ចំនួន៥០ម៉ឺនរៀល ។ ក្នុងនោះលោកអភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ បានឧបត្តម្ភថវិការចំនួន១លានរៀលដល់ លោកអនុសេនីយ៍ឯក វែង រីណា ដែលជាជនរងគ្រោះ ។
សូមជម្រាបថា មន្ត្រីយោធាដែលល្មើសបំរាមបិទខ្ទប់ និងបង្កហិង្សានោះឈ្មោះ ខៀវ ចាន់សុភក្ត្រា អាយុ៣១ឆ្នាំ រស់នៅផ្ទះលេខ២២ Eo ផ្លូវលេខ៥៧២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បុខរបជាមន្ត្រីយោធា ៕