បន្ទាយមានជ័យ ៖ នៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ កំលាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ សហការជាមួយអង្គភាពកងរាជអាវុធហត្ថស្រុកម៉ាឡៃ បាន ឃាត់ខ្លួនមេខ្យល់០២នាក់ និងទប់ស្កាត់ពលករចំណាកស្រុកដោយខុសច្បាប់ចំនួន០៧ នាក់ ក្នុងនោះមានស្រីចំនួន ៤នាក់ ដែលរស់នៅភូមិបឹងឃ្លាំងខាងកើត ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
បើតាមនគរបាលស្រុកម៉ាឡៃ បានជម្រាបឲ្យដឹងថា មេខ្យល់០២នាក់រួមមាន ទី១.ឈ្មោះ រ៉ម សួន ភេទប្រុស អាយុ៤៩ឆ្នាំ(អ្នកដឹកជញ្ជូន) និងទី២.ឈ្មោះ អ៊ូច សុជា ភេទ ប្រុស អាយុ ៤២ឆ្នាំ(អ្នកអមដំណើរ) អ្នកទាំង០២រស់នៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ចំណែកក្រុមពលករទាំង០៧នាក់ខាងលើ បានរៀបរាប់ថា ពួកខ្លួនបានទំនាក់ទនងលេខទូរស័ព្ទជាមួយមេខ្យល់ ដើម្បីចំណាកស្រុកទៅប្រទេសថៃ ដោយឈ្មោះ រ៉ម សួន ជាអ្នកយករថយន្តមកដឹកពួកខ្លួនពីគោលដៅទៅកាន់ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ ខណៈពេលធ្វើដំណើរមកដល់ចំណុចផ្លូវវិស្វកម្ម ដើម្បីវាងកំណាត់ផ្លូវជាតិលេខ៥៩ ក៏ត្រូវសមត្ថិកិច្ចឃាត់ និងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ។
បើតាមម្ចាស់រថយន្តមកដឹកពលករបានឲ្យដឹងដែរថា ខ្លួនពិតជាបានដឹកជញ្ជូនពលករទាំង០៧នាក់ខាងលើក្នុងគោលដៅទៅកាន់ចំណុចផែស្ងួតរបស់លោកស្រី សុបិន្ត ដោយ ។ ជាមួយគ្នានេះ មន្ត្រីជំនាញបានធ្វើតេស្តរករកឃើញសារធាតុញៀនលើឈ្មោះរ៉ម សួន និងឈ្មោះអ៊ូច សុជា ដែលម្ចាស់រថយន្តហៅឲ្យមកធ្វើដំណើរជាមួយផងដែរ ៕