កណ្តាល ៖ ក្រុមក្មេងទំនើង២ក្រុម ប្រដាប់ដោយកាំបិតនិងដំបង ដេញវាយនិងកាប់គ្នា បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងកម្លាំងសន្តិសុខរបស់ក្រុមហ៊ុន7NG ។
ហេតុការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី១៥ខែមេសាឆ្នាំ២០២១ ស្ថិតនៅតាមបេតុងរបស់ក្រុមហ៊ុន7NG ក្នុងភូមិវិហារសួគ៍ខាងជើង ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
បន្ទាប់ពីក្រុមក្មេងទំនើងទាំង២ក្រុម បានជិះម៉ូតូប្រដាប់ដោយកាំបិតនិងដំបង វាយតបគ្នាដូចក្នុងរឿងចិន កម្លាំងសន្តិសុខរបស់ក្រុមហ៊ុន7NG បានចេញអន្តរាគមន៍ទប់ស្កាត់ នូវសកម្មភាពរបស់ក្រុមក្មេងទំនើងនេះ និងបានឃាត់ខ្លួនបាន១៤នាក់ និងបានទំនាក់ទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលវិហារសួគ៍ មកសហការហើយបានប្រគល់ក្មេងទំនើងទាំង១៤នាក់ ទៅឲ្យកម្លាំងសមត្ថកិច្ច បញ្ជូនក្រុមនេះ ទៅកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕