ភ្នំពេញ៖ ពិតជាមិនធម្មតាទេ មេធាវីចំនួន៩រូប ដែលមកពីក្រុមហ៊ុនចនួនពីរ គឺក្រុមហ៊ុនមេធាវី ដ័ន & ដ័ន និងក្រុមហ៊ុនមេធាវីលីហ្គលថោន បានស្ម័គ្រចិត្តជួយការពាររឿងក្តីជូនបុរសជាសន្តិសុខ សន្តិសុខធានាគារ ABA ឈ្មោះ ភឿន ភិរៈ ដែលជាប់ចោទក្នុងសំណុំរឿងហិង្សាផ្ទុះអាវុធបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ នៅក្រោមស្ពានអាកាសទឹកថ្លា កាលពីកន្លងទៅថ្មីៗនេះ ។
មេធាវីទាំង៩រូប ដែលបានស្ម័គ្រចិត្តចូលខ្លួនការពារក្តីដោយមិនគិតថ្លៃជូនលោក ភឿន ភិរៈ នេះរួមមាន មេធាវី អ៊ន ហ៉ីង មេធាវី នី ចាន់ឌី មេធាវី ឈរ ស៊ុនហុង មេធាវី ស៊ឹង ច័ន្ទកន្និកា មេធាវី សាន សុផា មេធាវី ណែប ម៉ូនីកា មេធាវី ឆន សំណាង មេធាវី ប៉ាល់ វណ្ណារី និងមេធាវី អោម ប៊ុនថា ។
គួររំឮកថា កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ មានកើតករណីហិង្សាមួយលើដងវិថីក្រោមស្ពានអាកាសទឹកថ្លៃរវាងសន្តិសុខធនាគារ ABA លោក ភឿន ភិរៈ អាយុ ៣៦ឆ្នាំ ជាមួយយុវជនម្នាក់ រហូតឈានដល់ការផ្ទុះអាវុធបណ្តាលឲ្យយុវជន ដែលគេអះអាងថា បែកថ្នាំផងនោះ ស្លាប់បាត់បង់ជីវិត ពេលរូបគេកាន់កាំបិតសម្តៅចូលទៅដើម្បីចាក់បុរសជាសន្តិសុខធនាគារ ABAរូបនេះ ។ បន្ទាប់មកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីអនុវត្តបន្តតាមនីតិវិធី ។
លុះនៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ បុរសជាសន្តិសុខរូបនេះ ត្រូវបានបញ្ជូនខ្លួនទៅតុលាការ ។ បើទោះបីយ៉ាងណាក្តី មហាជនបានបញ្ចេញមតិជាច្រើនលើបណ្តាញសង្គមហ្វេសបុកពាក់ព័ន្ធករណីនេះ រួមទាំងការទន្ទឹងរងចាំមើលវាសនារបស់បុរសជាសន្តិសុខនេះផងដែរ ៕