ភ្នំពេញ ៖ បើទោះជាវិស័យផ្សារទំនើបនៅកម្ពុជាកំពុងតែជួបនឹងបញ្ហាធ្លាក់ចុះតម្រូវការស្ទើរគ្រប់ទីតាំង ប៉ុន្តែនៅត្រឹមត្រីមាសទី១ដើមឆ្នាំ២០២១កន្លងទៅថ្មីៗនេះ វត្តមានផ្សារទំនើបធំៗចំនួន៤ផ្សេងទៀតរាប់ទាំងប្រភេទផ្សារសហគមន៍ បានដាក់អោយដំណើរការរួចហើយ។ នេះបើតាមរបាយការណ៍សិក្សារបស់ក្រុមហ៊ុន CBRE Cambodia។
ផ្សារទំនើបធំៗចំនួន៤នេះរួមមាន ផ្សារ TK Central នៅខណ្ឌទួលគោក ផ្សារ Boeung Snor Food Village នៅផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ គម្រោងផ្សារ The Green Avenue នៅខណ្ឌសែនសុខ និងគម្រោងផ្សារ View Park Mall នៅខណ្ឌដូនពេញ។
នៅក្នុងរបាយការណ៍ដដែលនោះបានព្យាការណ៍ថា នៅក្នុងដំណាច់ឆ្នាំ២០២១នេះ បើមិនមានអ្វីប្រែប្រួល ឬជាឧបសគ្គនោះទេ ផ្សារទំនើបតូចធំរាប់ទាំងប្រភេទផ្សារសហគមន៍មានសរុបរហូតប្រមាណ១៩គម្រោង ដែលអាចនឹងត្រូវបញ្ចប់ការសាងសង់ និងបានដាក់អោយដំណើរការជាបន្តបន្ទាប់។ ទោះជាយ៉ាងណា ទំហំនៃការផ្គត់ផ្គង់នៅក្នុងវិស័យផ្សារទំនើបឆ្នាំ២០២១នេះអាចនឹងលើសពីតម្រូវការក៏ដោយ ខណៈគ្មានគម្រោងណាមួយត្រូវបានអាក់ខាន ឬពន្យាពេលសាងសង់បញ្ចប់គម្រោងនោះទេ៕