ខេត្តកណ្តាល ៖ បែកធ្លាយព័ត៌មាន ថា សង្ស័យ ផ្ទះសំណាក់ ស្វាយ តានី ៦១១ ស្ថិតនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុងស្អាង ខេត្តកណ្តាល ជាកន្លែងផ្តល់ទីតាំងអោយក្មេងៗប្រើប្រាស់គ្រឿងញៀន និង ធ្លាប់ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបជាច្រើនលើកច្រើនសារ តែសកម្មភាពល្មើស ហាក់ដូចនៅដដែល។
ជាក់ស្តែង កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកស្អាង សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលកំពុងធ្វើដំណើរតាមផ្លូវ យកគ្រឿងញឿនទៅប្រើប្រាស់ក្នុងផ្ទះសំណាក់ ស្វាយ តានី ៦១១ ។ ពេលនោះ សមត្ថកិច្ច ឈានដល់ចូលផ្ទះសំណាក់ ស្វាយ តានី ៦១១ ឃើញក្មេងៗ៧នាក់ ទៀត កំពុងរង់ចាំមិត្តភក្តិ២នាក់ នេះ យកគ្រឿងញៀនមកអោយប្រើប្រាស់ ។
សមត្ថកិច្ច បានអោយ ដឹងថា ជនសង្ស័យ២នាក់ រួមមាន ឈ្មោះ ឆេង សុខឡាយ អាយុ១៦ឆ្នាំ និង ឈ្មោះទូច អ៊ីតាន់ អាយុ១៨ឆ្នាំ ។
វត្ថុតាងចាប់យករួមមាន គ្រឿងញៀន៤កញ្ចប់តូច ម៉ូតូចំនួន១គ្រឿងម៉ាក Beat ពណ៌ សលាយខៀវ ស្លាកលេខ កណ្តាល 1AG-6468 ទូរស័ព្ទចំនួន១គ្រឿង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះ ឆេង សុខឡាយ និងឈ្មោះ ទូច អ៊ីតាន់ សារភាពថា គ្រឿងញៀន នេះ ខ្លួនបានទិញពីឈ្មោះ សារឹម ពៅ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ចំនួន៤កញ្ចប់តូចតម្លៃ៣ម៉ឺនរៀល ដើម្បីយកទៅប្រើប្រាស់ ។
ដោយឡែក ក្មេងៗ៧នាក់ ដែលឃាត់ខ្លួនក្នុងផ្ទះសំណាក់ ស្វាយ តានី ៦១១ ត្រូវបានអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីធ្វើតេស្ត មិនឃើញមានសារធាតុញៀន ។
តាមប្រភពព័ត៌មាន បានបង្ហើបប្រាប់ថា ផ្ទះសំណាក់ ស្វាយ តានី គឺ ជាទីតាំងលួចលាក់ និងប្រមូលផ្តុំដោយក្រុមគ្រឿងញៀន និង ក្រុមក្មេងទំនើង យ៉ាងអនាធិបតេយ្យ ខណៈ កន្លងមក ផ្ទះសំណាក់ នេះ ក៏ធ្លាប់ត្រូវបានសមត្ថកិច្ច ចុះបង្ក្រាបក្រុមគ្រឿងញៀនច្រើនដង ផងដែរ ។
ជុំវិញបញ្ហានេះ ម្ចាស់ផ្ទះសំណាក់ ស្វាយ តានី ៦១១ បានប្រាប់ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នេះថា ពិតជាមានករណីសមត្ថកិច្ច ចុះមកឃាត់ខ្លួនក្រុមក្មេង មកដេកផ្ទះសំណាក់គាត់ពិតប្រាកដមែន ។
ម្ចាស់ផ្ទះសំណាក់ បន្តថា ពួកក្មេងទាំងនោះដេករួច ចេញ-ចូលៗ តែម្តង ដោយបន្ទាប់ពីធ្វើការឃាត់ខ្លួនរួច លោកអភិបាលស្រុកស្អាង និង លោកអធិការស្រុកស្អាង បានអោយគាត់ធ្វើកិច្ចសន្យា រួចហើយដែរ ៕