ខេត្តបន្ទាយមានជ័យ៖ ដោយសារតែដឹកស្រូវពេញ ពេក និងលើសទម្ងន់ ផងនោះ បណ្តាលអោយ គោយន្តកន្ត្រៃ បាក់សាក់ស៊ីរ៉ឺម៉ក បណ្តាលឱ្យការុង ស្រូវរអិលសង្កត់ ខ្ទប់កៀបជាប់នឹងដែក ទទឹងដៃចង្កូត គោយន្ត បណ្តាលអោយបុរសម្នាក់បានស្លាប់នៅនឹងកន្លែង។ ករណីនេះកើតឡើងកាលពី ល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចអូតាតោ ស្ថិតក្នុងភូមិសាស្ត្រភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ។
ជនរងគ្រោះ ឈ្មោះ សែម មុំ អាយុ៤៨ឆ្នាំ នៅភូមិក្បាលក្របី ឃុំ សំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ មុនពេលកើតហេតុ ជនរងគ្រោះបានស៊ីឈ្នួលដឹកស្រូវឱ្យគេ បន្ទាប់ពីច្រូតកាត់បោកបែនរួច ដោយមានគោយន្តជាច្រើនគ្រឿង បើកគម្លាតពីគ្នាប្រហែលជា ១០០ម៉ែត្រ ហើយគោយន្តជនរងគ្រោះ បើកនៅកណ្តាលគេ។
ខណៈពេលបើកបរនៅចំណុចអូរតាតោ ម្តុំវាលកន្ចូន ប្រហែល ៣គីឡូម៉ែត្រ នៅខាងកើតភូមិសាស្ត្រក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ បានបាក់រ៉ឺម៉កគោយន្តកន្ត្រៃ(បាក់សាក់ស៊ី)បណ្តាលឱ្យការុងស្រូវរអិលទៅមុខសង្កត់ជនរងគ្រោះខ្ទប់កៀបទៅនឹងដែកទទឹងដៃចង្កូត ចំដើមទ្រូងបណ្ដាលឱ្យស្លាប់ភ្លាមៗ។ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕