បរទេស៖ ស្របពេលកងសន្ដិសុខរបស់របបគ្រប់គ្រងយោធាភូមា កំពុងតែបង្ក្រាបយ៉ាងឃោរឃៅទៅលើប្រជាពលរដ្ឋ បណ្ដាលឲ្យចំនួនអ្នកស្លាប់កើនឡើងជាង៥០០នាក់ ហើយត្រូវអង្គការសហប្រជាជាតិ និងសហគមន៍អន្ដរជាតិថ្កោលទោសយ៉ាងខ្លាំង ព្រមទាំងស្វះស្វែងរកការដាក់ទណ្ឌកម្មផងនោះ បែរជារុស្ស៊ីចេញមកការពារ ដោយព្រមានថា ការដាក់ទណ្ឌកម្មនេះ នឹងធ្វើឲ្យភូមា ធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល កាន់តែធ្ងន់ធ្ងរ។
សារព័ត៌មាន AFP បានផ្សាយ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ថា នៅថ្ងៃនេះ រុស្ស៉ីបានបង្ហាញអំពីគោលជំហររបស់ខ្លួន ប្រឆាំងនឹងការដាក់ទណ្ឌកម្មទៅលើរបបយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ឬភូមា។ រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានព្រមានថា ការដាក់ទណ្ឌកម្មនេះ អាចបង្កឲ្យមានការផ្ទុះសង្រ្គាមស៊ីវិលជាទ្រង់ទ្រាយធំ នៅក្នុងប្រទេសអាស៊ានមួយនេះ។
អ្នកនាំពាក្យ នៃក្រសួងការបរទេសរុស្ស៉ី ត្រូវបានទីភ្នាក់ងារព័ត៌មានរុស្ស៉ី nterfax ដកស្រង់សម្តីយកមកចុះផ្សាយថា «ផ្លូវឆ្ពោះទៅរកការគំរាមកំហែង និងការដាក់សម្ពាធ ដូចជា ការប្រើប្រាស់ទណ្ឌកម្ម ប្រឆាំងនឹងអាជ្ញាធរមីយ៉ាន់ម៉ាបច្ចុបន្ន គឺពុំមានអនាគតនោះទេ ហើយវាបង្កនូវគ្រោះថ្នាក់ជាទីបំផុត ដោយអាចរុញច្រានប្រទេសមីយ៉ាន់ម៉ា ធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលជាទ្រង់ទ្រាយធំផងដែរ…»។
ប្រទេសភូមា បានធ្លាក់ចូលក្នុងវិបត្ដិយ៉ាងធ្ងន់ធ្ងរ ក្រោយពេលលោកឧត្ដមសេនីយ៍ មីន អ៊ុងឡាំង ដឹកនាំកងទ័ពធ្វើរដ្ឋប្រហារយោធា រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល ហើយចាប់ឃុំខ្លយនលោកស្រី អ៊ុង សានស៊ូជី ប្រធានក្រុមប្រឹក្សារដ្ឋ និងមន្រ្ដីរបស់លោកស្រី ជាច្រើននាក់ផ្សេងទៀត កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ក្រោយការធ្វើរដ្ឋប្រហារនោះ មិនបានប៉ុន្មានថ្ងៃផង ប្រជាពលរដ្ឋភូមាទូទាំងប្រទេស បានក្រោកឡើង ធ្វើបាតុកម្មប្រឆាំងនឹងរបបយោធា ទើបឈានដល់ការបង្ក្រាបយ៉ាងឃោរឃៅ បណ្ដាលឲ្យមានមនុស្សជាង៥០០នាក់ស្លាប់។
ក្រោយពេលមានអំពើឃោរឃៅនោះកើតឡើង បណ្តាប្រទេសមហាអំណាច និងសហគមន៍អន្តរជាតិមួយចំនួន បានដាក់ទណ្ឌកម្មលើយោធាភូមា ដើម្បីបញ្ឈប់នូវអំពើហិង្សាទាំងនោះ។ ប៉ុន្តែទោះជាយ៉ាងណា រហូតមកទល់ពេលនេះ ទាំងទណ្ឌកម្ម និងការទទូចឲ្យបញ្ឈប់អំពើហិង្សា ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី ក៏នៅតែមិនបានបង្ហាញសញ្ញា អំពីប្រសិទ្ធភាពឡើយ។ រីឯពួកយោធាមីភូមា នៅតែបន្តការបង្រ្កាបយ៉ាងចាស់ដៃ លើក្រុមបាតុករប្រឆាំងរដ្ឋប្រហារ។
ដោយឡែករុស្ស៊ីវិញ ក្រោយពេលប្រទេសភូមា ធ្លាក់ចូលទៅក្នុងវិបត្ដិកាន់តែធ្ងន់ធ្ងរនោះ ក៏ហក់ចូលទៅកាន់ប្រទេសអាស៊ានមួយនេះ ដើម្បីរឹតចំណងយោធាជាមួយនឹងរបបគ្រប់គ្រងយោធាមួយនេះ។ ដោយសារករណីនេះ ទើបរុស្ស៊ីតែងតែរារាំងដល់ក្រុមប្រឹក្សាសន្ដិសុខរបស់អង្គការសហប្រជាជាតិ ក្នុងការដាក់ចេញពីវិធានការណាមួយទៅលើរបបគ្រប់គ្រង នៅភូមា៕