ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ០២នាក់ ដែលជាគូសង្សានិងគ្នា បាននាំគ្នា ធ្វើសកម្មភាពលួចម៉ូតូនិងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ចំណែកម៉ូតូបានប្រគល់ជូនម្ចាស់ដើមវិញ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១។
លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា៖ ជនសង្ស័យទាំង០២នាក់ ម្នាក់ឈ្មោះ សេង ឌីណា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃខ្លុង ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដនិងម្នាក់ទៀតឈ្មោះ លៀម ចាន់នី ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិ/សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទាំង០២នាក់នេះជាគូសង្សានិងគ្នា ហើយជាមុខសញ្ញប្រើប្រាស់សារធាតុញៀនទាំង០២នាក់។
លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងទៀតថា៖ ឈ្មោះ សេង ឌីណា ភេទប្រុស អាយុ៣០ឆ្នាំនេះ នៅម៉ោង០៣និង២០នាទីរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ បានធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ ១S. ៣៦២៨ នៅចំណុចតូបកាត់សក់ខាងលិចរបងវត្តព្រះពន្លា ស្ថិតក្នុងភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ របស់ឈ្មោះ សរ ប៊ុនខឹម ភេទប្រុស អាយុ៧៨ឆ្នាំ រស់នៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខណៈពេលម្ចាស់ទុកម៉ូតូមុខតូបកាត់សក់រួចដើរចូលទៅកាត់សក់។
លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ថា៖ ក្រោយពីឃាត់ខ្លួននិងសួរនាំជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូនៅមុខតូបកាត់សក់ខាងលិចវត្តព្រះពន្លានោះមែន និងម៉ូតូ១គ្រឿងទៀតម៉ាក ហុងដាឌ្រី សេរីឆ្នាំ២០០៥ ពណ៌ខ្មៅ កាំបន្ទះខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ ១E.៤៦៩៨ លួចនៅចំណុចផ្លូវលេខ១កន្លះ ខាងក្រោយហាងស៊ុបកូរ៉េ ស្ថិតក្នុងភូមិ/សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១២និង៣៥នាទីថ្ងៃ។ ដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្តែង ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកំរិតស្រាលរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់ ចំណែកម៉ូតូប្រគល់ជូនម្ចាស់ដើមវិញផងដែរ ៕