បរទេស៖ រហូតមកដល់ពេលនេះ ជប៉ុនបាន និងកំពុងប្រើប្រាស់តួនាទីរបស់ខ្លួន ជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ៣របស់ពិភពលោក ដើម្បីលូកដៃកាន់តែជ្រៅ ចូលដោះស្រាយបញ្ហាវិបត្ដិនយោបាយ នៅក្នុងប្រទេសភូមា ហើយប្រសិនបើភាគីជម្លោះទាំងនោះ មិនអាចដោះស្រាយគ្នាបានទេ ជប៉ុននឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសនេះតែម្ដង។
សារព័ត៌មាន NHK បានផ្សាយថា លោក Motegi Toshimitsu រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានបញ្ជាក់ថា ជប៉ុននឹងជំរុញឱ្យពួកយោធាមីយ៉ាន់ម៉ា និងភាគីប្រឆាំងនឹងរដ្ឋប្រហារ ងាកមកចូលរួម ក្នុងការសន្ទនាគ្នា ដើម្បីដោះស្រាយនូវភាពវឹកវរ ដែលកំពុងតែកើតមានឡើងនោះ។
ប្រមុខការទូតជប៉ុនរូបនេះ បានថ្លែងទៅកាន់គណៈកម្មាធិការកិច្ចការបរទេសរបស់សភាជប៉ុន កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ថា ជប៉ុននឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រសិនបើពួកយោធា និងក្រុមប្រឆាំងនឹងរដ្ឋប្រហារ មិនអាចឈានដល់ការដោះស្រាយជាបន្ទាន់នោះទេ។ ប៉ុន្ដែបញ្ហាវិបត្ដិនេះ ក៏មិនអាចដោះស្រាយបាន ដោយងាយស្រួលនោះដែរ
លោករដ្ឋមន្រ្ដីក្រសួងការបរទេសជប៉ុន បានបន្ថែមថា ទោះជាយ៉ាងណា លោកក៏មិនជឿថា ការដាក់ទណ្ឌកម្មនេះ នឹងទទួលបានផ្លែផ្កានោះដែរ ព្រោះប្រទេសដទៃទៀតកំពុងតែស្វះស្វែងជួយដោះស្រាយបញ្ហាវិបត្ដិ នៅក្នុងប្រទេសមីយ៉ាន់ម៉ា នេះ។ ប៉ុន្ដែ នៅទីបញ្ចប់ ក្រុមប្រឆាំងនានា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាំបាច់ត្រូវចូលរួម ក្នុងការសន្ទនា និងស្វែងរកផ្លូវ សម្រាប់ដំណោះស្រាយជាមួយនឹងសហគមន៍អន្តរជាតិ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ។
លោករដ្ឋមន្រ្ដី បានបង្ហាញថា ជប៉ុននឹងធ្វើឲ្យប្រាកដ ចំពោះកិច្ចពិភាក្សាគ្នា រវាងពួកយោធា និងគណបក្ស ដែលដឹកនាំដោយមេដឹកនាំ ដែលត្រូវចាប់ឃុំខ្លួន គឺលោកស្រី អ៊ុង សានស៊ូជី និងក្រុមសកម្មប្រយុទ្ធជនជាតិភាគតិចផ្សេងៗទៀត នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
អង្គការសិទ្ធិមនុស្ស បានថ្លែងថា ពលរដ្ឋចំនួន៥៤៣នាក់ ត្រូវបានកងកម្លាំងសន្ដិសុខបាញ់សម្លាប់ ចាប់តាំងពីមានរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ រីឯអ្នកស្រុក នៅក្នុងតំបន់គ្រប់គ្រង ដោយក្រុមប្រដាប់អាវុធជនជាតិភាគតិចរដ្ឋការ៉េន នៅតែបន្ដភៀសខ្លួន គេចចេញពីការវាយប្រហារតាមផ្លូវអាកាសរបស់ពួកយោធារបស់លោកឧត្ដមសេនីយ៍ មីន អ៊ុងឡាំង៕