កណ្តាល៖ បុរសជាសន្តិសុខឯកជនម្នាក់ បានរងបណ្តឹងពីបទរំលោភលើទំនុកចិត្ត ក្រោយពីយកក្រវិលកំប៉ុង ដែលគាស់ត្រូវរង្វាន់រថយន្តរត់គេចខ្លួន មិនចែកម្ចាស់ស្រាបៀរដែលហៅមកផឹកជាមួយគ្នា។
បើ់តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា បុរសដែលរងបណ្តឹងឈ្មោះ ស៊ឹម ស៊ន់ អាយុ៣៨ឆ្នាំ ជាសន្តិសុខឯកជន រស់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ចំណែកឯដើមបណ្តឹងឈ្មោះ ឌុល ដែន អាយុ៣៧ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល ក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
លោក ឌុល ដែន បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១កន្លងទៅ ខ្លួនបានឲ្យប្រពន្ធ ឈ្មោះ ឈឹម ភា យកក្រវិលកំប៉ុងស្រាបៀ GANZBERG ដែលត្រូវរង្វាន់ចំនួន១២ ទៅដូរយកស្រាបៀដើម្បីយកមកហូប។ ហើយដោយយល់ថា ជាមនុស្សរាប់អាន និងធ្លាប់ផឹកស៊ីជាមួយគ្នា ក៏បានហៅឈ្មោះ ស៊ឹម ស៊ន់ មកផឹកជាមួយ ដោយមានគ្នាទាំងអស់៣នាក់ គឺខ្លួន និងប្រពន្ធ ព្រមទាំងឈ្មោះ ស៊ឹម ស៊ន់។
ខណៈនោះឈ្មោះ ស៊ឹម ស៊ន់ ក៏លើកស្រាបៀ១កំប៉ុងមកគាស់ ហើយស្រែកថា ត្រូវរង្វាន់ធំហើយ រួចក៏បង្ហាញឲ្យមើលទាំងអស់គ្នា គឺត្រូវរង្វាន់រថយន្ត ហើយឈ្មោះ ស៊ឹម ស៊ន់ និយាយថា «កុំមាត់ចាំគេចែកឲ្យ១ពាន់ ២ពាន់ដុល្លារ»។ រំពេចនោះ ខ្លួនបាននិយាយថា «ធ្វើអញ្ចឹងម៉េចកើត ខ្ញុំហៅបងឯងមកផឹក ហើយស្រាបៀរជារបស់ខ្ញុំ បើចែកត្រូវចែកគ្នាស្មើ ឬម្នាក់៤០% ម្នាក់៦០% ទើបយុត្តិធម៌»។
ចំណែក ឈ្មោះ ស៊ឹម ស៊ន់ ក៏កាន់កំប៉ុងស្រាបៀ និងក្រវិលកំប៉ុងដែលត្រូវរង្វាន់ ក្រោកឈរ រួចនិយាយថា «ខ្ញុំទៅបើកទ្វារឲ្យមេសិន» រួចក៏ប្រមូលសម្លៀកបំពាក់ឡើងម៉ូតូឌុបយកក្រវិលកំប៉ុង ត្រូវរង្វាន់រថយន្តនោះរត់គេចបាត់ទៅ។
ទោះបីឈ្មោះ ឌុល ដែន ទូរសព្ទ័ហៅយ៉ាងណាក៏មិនព្រមទទួល និងចូលខ្លួនមកនិយាយគ្នាដែរ ទើបនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ឌុល ដែន បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់តាខ្មៅ និងប្តឹងទៅក្រុមហ៊ុនស្រាបៀ GANZBERG សុំឲ្យផ្អាកការបើករង្វាន់ជូនឈ្មោះ ស៊ឹម ស៊ន់ ដើម្បីធ្វើការដោះស្រាយគ្នាសិន៕