បរទេស៖ បើតាម Myanmar Now បានផ្សាយថា ផ្សារទំនើបចំនួន២កន្លែង ដែលគ្រប់គ្រងដោយពួកយោធាមីយ៉ាន់ម៉ា ត្រូវបានឆាបឆេះអស់ កាលព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១។
អគ្គិភ័យបានចាប់ផ្តើមឆេះ នៅ Ruby Mart លើផ្លូវ Bogyoke ស្ថិតក្នុងសង្កាត់ Kyauktada នៅក្នុងតីក្រុងយ៉ាំងហ្គោន កាលពីវេលាម៉ោងប្រហែល២រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី១ ខែមេសា។ បើតាមអ្នកស្រុក បានឱ្យដឹងថា គិតត្រឹមវេលាម៉ោង៧ព្រឹក ផ្សារទំនើបនោះត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុង។
អ្នករស់នៅក្បែរ Ruby Mart បានឲ្យដឹងថា ជាន់ទាំង៤ នៃអគារនេះ ត្រូវបានភ្លើងឆេះខូចខាតយ៉ាងខ្លាំង។ ប៉ុន្តែសណ្ឋាគារនៅក្បែរផ្សារទំនើប មិនត្រូវបានភ្លើងឆេះនោះទេ។
មន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យ នៅទីក្រុងយ៉ាំងហ្គោន បានប្រាប់សារព័ត៌មាន Myanmar Now ថា លោកមិនអាចធ្វើអត្ថាធិប្បាយ អំពីមូលហេតុ នៃអគ្គិភ័យនេះទេ។ ទាំងម៉ាត Ruby Mart និង ផ្សារទំនើប Gandamar គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Shwe Gandamar International Trading ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយោធាមីយ៉ាន់ម៉ា MEHL ។
ក្រុមហ៊ុនទាំង២នេះ ត្រូវបានសហរដ្ឋអាមេរិក និងអង់គ្លេសប្រកាសដាក់ទណ្ឌកម្ម ក្រោយពេលពួកយោធាភូមា បានធ្វើរដ្ឋប្រហាររឹបអូសអំណាច និងបង្ក្រាបទៅលើក្រុមបាតុករ ដែលគ្មានអាវុធ នៅក្នុងដៃ។ រីឯផ្សារទំនើបនេះស្ថិតក្នុងចំណោមអាជីវកម្មជាច្រើនទៀត ត្រូវបានធ្វើពហិការដោយដៃគូភាគហ៊ុន ដែលប្រឆាំងនឹងរដ្ឋប្រហារ ព្រោះវាមានការជាប់ទាក់ទងជាមួយយោធាមីយ៉ាន់ម៉ា (ភូមា)។
ទោះជាយ៉ាងណា គេមិនទាន់ដឹងអំពីមូលហេតុ នៃគ្រោះអគ្គិភ័យនេះនៅឡើយ ព្រោះវាបានកើតឡើង នៅក្នុងអំឡុងពេល នៃបម្រាមគោចររបស់របបយោធាមីយ៉ាន់ម៉ា៕