សហរដ្ឋអាមេរិក ៖ លោកអ្នកពិតជាគិតថា អាយុត្រឹមតែ ពី៦០ឆ្នាំ ទៅ៧០ឆ្នាំ គឺជាមនុស្ស ចាស់ដែលមានវ័យ ជរា និងទ្រុធទ្រោម ប៉ុន្តែ លោកអ្នកពិតជាភ្ញាក់ផ្អើល នៅពេលដែលដឹងថា មន្ដ្រីប៉ូលិសមានវ័យចាស់ជាងគេនៅលើពិភពលោក ប៉ុន្ដែមិនទាន់មានគម្រោងចូលនិវត្ដន៍នៅឡើយទេ នោះគឺ លោក LC Smith អាយុ៩១ឆ្នាំ ដែលគេស្គាល់ថា Buckshot។
ទោះលោកមិនអាចបំពេញការងារឲ្យរហ័សរហួនដូចពីមុនក៏ពិតមែន តែវាមិនមែនជាឧបសគ្គរាំងស្ទះរូបលោក ក្នុងការដើរល្បាតនៅតាមដងផ្លូវនៃទីក្រុង Camden រដ្ឋ Arkansas សហរដ្ឋអាមេរិក ដែលជាទឹកដីកំណើតឡើយ។
តាមពិតទៅ លោក Smith ធ្លាប់បានចូលនិវត្ដន៍ម្ដងរួចមកហើយ ក្រោយចំណាយពេលបម្រើការងារអស់រយៈពេល៤៦ឆ្នាំ តែលោកហាក់ទៅណាមិនឆ្ងាយពីការងារមួយនេះឡើយ ដូច្នេះនៅអាយុខ្ទង់៨០ឆ្នាំ លោកបានត្រឡប់មកបម្រើការងារសាជាថ្មី ជាប៉ូលិសចំណូលថ្មី។ លោកចូលចិត្ដធ្វើការបម្រើសហគមន៍ ហើយនិយាយថាខ្លួនមានគម្រោងចូលនិវត្ដន៍ នៅពេលព្រះជាម្ចាស់ប្រាប់លោក។
ប៉ូលិសវ័យចំណាស់រូបនេះ បម្រើការចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង ៣រសៀល រយៈពេល៤ថ្ងៃ ក្នុងមួយសប្ដាហ៍ ដោយដើរល្បាតក្នុងសហគមន៍ ដូចជានៅតាមស្ដុបចរាចរណ៍ តំបន់សាលារៀន និងកម្មវិធីផ្សេងៗទៀត។
លោកប៉ូលិស Smith មិនបានសម្ញែងកាំភ្លើងអ្វីនោះទេ ព្រោះលោកជឿថាមិនចាំបាច់មានកាំភ្លើងកាន់ជាប់នឹងដៃ ឬគ្រឿងសម្គាល់ ទើបធ្វើឲ្យលោកក្លាយជាមន្ដ្រីល្អ និងទទួលបានការគោរព ពីប្រជាជន៕