ខេត្តសៀមរាប៖ ជនសង័្សយម្នាក់ បានលបចូលទៅចាប់ស្រ្ដីម្នាក់ផ្ដួល រួចយកក្រដាសមកញ៉ុកបញ្ចូលក្នុងមាត់ ហើយយកកាវវិទ្យសាស្រ្ដបន្ដក់ បិទមាត់ និងប្លន់យកមកខ្សែកមាស អស់ទម្ងន់១តម្លឹង រត់គេចខ្លួនបាត់។
ហេតុការណ៍ចោរស្ទើរភ្លើងធ្វើសកម្មភាពប្លន់មាសនេះ បានកើតឡើង កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នៅក្នុងភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ។
មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ យ៉ម រួម អាយុ៦៨ឆ្នាំ រងរបួសស្រាល រស់នៅភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប។ ករណីមួយនេះបង្កឡើងដោយ ជនសង័្សយមិនស្គាល់អត្តសញ្ញាណម្នាក់ បានចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ រួចហើយធ្វើសកម្មភាព ចាប់ម្ចាស់ផ្ទះ យកក្រដាសជូតមាត់ ញាត់បញ្ចូលទៅក្នុងមាត់ និងយកកាវវិទ្យាសាស្ត្រ មកបន្ដក់មាត់ឲ្យជិត កុំឲ្យជនរងគ្រោះឲ្យស្រែករួច ហើយដោះយកខ្សែកមាសទម្ងន់១តម្លឹង ទើបគេចខ្លួនបាត់។
សមត្ថកិច្ចមូលដ្ឋាន បានបន្ថែមថា បើយើងពិនិត្យទៅលើសកម្មភាពរបស់ជនសង័្សយ គេមិនមានបទពិសោធន៍ខាងប្លន់នោះទេ។ បើចោរប្លន់ធ្លាប់មានបទពិសោធន៍ច្រើន គឺគេមិនធ្វើបែបនេះទេ។ ករណីនេះ សមត្ថកិច្ចមានការភ្ញាក់ផ្អើលដែរ ក្រោយពេលឃើញសកម្មភាពរបស់ជនសង័្សយ ធ្វើទៅលើជនរងគ្រោះ។
ក្រោយពេលកើតេហតុ អ្នកភូមិបានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យ រួចហើយបញ្ជូនជនរងគ្រោះទៅកាន់មណ្ឌលសុខសុខភាព។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ ស្វែងរកចាប់ខ្លួនជនសង័្សយ នាំមកផ្តន្ទាទោស៕