ខេត្តក្រចេះ ៖ បុរសម្នាក់ បានថប់ដង្ហើម ស្លាប់ ខណៈចុះទៅ ត ម៉ូទ័រទឹក ក្នុងអណ្តូងដែលមានជម្រៅ៦ម៉ែត្រ កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។
នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះឈ្មោះ ឃីន ជឿន អាយុ៥០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ បានចេញពីផ្ទះរបស់ខ្លួន ដោយដើរតម្រង់ទៅកាន់ អណ្តូងតៅមួយកន្លែង ដែលមានទីតាំងស្ថិតនៅខាងក្រោយផ្ទះ និងបន្ទាប់មកជនរងគ្រោះ ក៏បានចុះទៅក្នុងអណ្តូងនោះ ដែលមានជម្រៅប្រមាណ៦ម៉ែត្រ ដើម្បីធ្វើការតម៉ូទ័របូបទឹកប្រើប្រាស់ ហើយដោយគ្មានខ្យល់អុកស៊ីហ្សែន ក៏បណ្តាលឲ្យបុរសរងគ្រោះ បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ហើយករណីនេះ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីកន្លែងកើតហេតុនោះ។
ក្រោយពេលកើតហេតុ សាកសពជនរងគ្រោះខាងលើ ត្រូវបានអ្នកភូមិជួយស្រង់យកចេញពីក្នុងអណ្តូង ត្រង់កន្លែងកើតហេតុ រួចក៏បានរាយការណ៍ប្រាប់ទៅសមត្ថកិច្ច ដើម្បីចុះទៅធ្វើកោសល្យវិច័យ ។ ក្រោយពីធ្វើរួចហើយ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចុះទៅក្នុងអណ្តូងទឹកប្រាកដមែន ។ បន្ទាប់មកក៏បានប្រគល់សាកសពជនរងគ្រោះ ទៅឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕